អន្តរជាតិ៖ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន នាសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានអះអាងដេីម្បីឆ្លើយតបចំពោះសេចក្តីថ្លែការណ៍រួមថា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងនូវែលសេឡង់ដែលគាំទ្រចំណាត់ការទណ្ឌកម្មរបស់អាមេរិក កាណដា សហភាពអឺរ៉ុប អង់គ្លេសទៅលើចិន។ មិនតែប៉ុណ្ណោះអ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ រំឭកថា ចិនបច្ចុប្បន្ន មិនដូចចិនកាលពីជាង១០០ឆ្នាំមុនឡើយ។
លោកស្រី Hua Chunying អះអាងបន្ថែមថា ចិនជាប្រទេសបើកចំហ និងស្មោះត្រង់ និងប្តេជ្ញាអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសទាំងអស់ដោយផ្អែកលើគោលការណ៍រួមរស់ដោយសន្តិសហវិជ្ជមាន។ ប៉ុន្តែចិនមិននៅស្ងៀមចំពោះទង្វើ ដែលប៉ះពាល់ខ្លួនឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានលេីកឡេីងថា៖«មើលលើផែនទីពិភពលោក អ្នកនឹងឃើញចិនមានមិត្តនៅគ្រប់ទីកន្លែងនៃពិភពលោក»។ លោកស្រី Hua បន្តថា ដើម្បីឆ្លើយតបទៅនឹងសម្ពន្ធភាពក្រុមប្រទេសទាំងប្រាំ (Five Eyes Alliance) មានអាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី និងនូវែលសេឡង់។ លោកស្រីបន្តថា ប្រទេសទាំង៥នេះ មិនតំណាងឱ្យសហគមន៍ អន្តរជាតិ ដែលមានប្រទេសជាង១៩០ជាសមាជិកអង្គការសហប្រជាជាតិឡើយ។
ការលើកឡើងរបស់លោកស្រី Hua បែបនេះធ្វើឡើងបន្ទាប់ពីអូស្រ្តាលី និងនូវែលសេឡង់គាំទ្រចំណាត់ការរួមរបស់អាមេរិក កាណាដា អង់គ្លេស និងសហភាពអឺរ៉ុបចំពោះការដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ និងស្ថាប័នរដ្ឋចិន ដោយអះអាង ថាបំពានសិទ្ធិមនុស្សនៅស៊ីនជាំង។ ចំណែកអាមេរិកវិញ ថែមទាំងចោទចិនថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំង ជនជាតិភាគតិចនៅទីនេះទៀតផង។
បន្ថែមពីនេះលោកស្រី Hua ក៏ឆ្លៀតរំឭកប្រទេសទាំង៥ទៀតថា ចិនពេលនេះមិនមែនជាចិនកាលពី១២០ឆ្នាំមុន ដែលបស្ចិម លោកអាចប៉ះពាល់បានឡើយ តែចិនជាមហាអំណាចមួយ ដែលប្រទេសទាំងនោះត្រូវពិចារណាជាមុនសិនមុននឹង ធ្វើសកម្មភាពអ្វីមួយ។ លោកស្រី Hua បានសង្កត់ធ្ងន់ថា ចិន ក៏មិនអត់អោនទៅលើសកម្មភាពដែលមិនអាចទទួល យកបានឡើយ។
ដោយឡែកទាក់ទងនឹងទណ្ឌកម្មព្រមគ្នាវិញ អ្នកនាំពាក្យក្រសួងការបរទេសចិន ប្រដូចទៅនឹងការព្រួតគ្នាវាយអ្នកដទៃ។ អ្នកនាំពាក្យរូបនេះ លើកឡើងថា សកម្មភាពទាំងនោះរំឭកដល់កងកម្លាំងសម្ពន្ធប្រទេសទាំង៨ មានអង់គ្លេស ជប៉ុន រុស្ស៊ី អាល្លឺម៉ង់ អាមេរិក បារាំង អ៊ីតាលី និងចក្រភពអូទ្រីស-ហុងគ្រីដែលព្រួតគ្នាលើកទ័ពមកវាយលុកចិនក្នុងឆ្នាំ១៩០០ និងបង្ខំឱ្យចិនចុះកិច្ចព្រមព្រៀងមួយដែលចែកទឹកដីជាចម្រៀកៗ។
សូមរម្លឹកដែរថាកាលពីថ្ងៃទី២៣មីនាថ្មីៗនេះ ទណ្ឌកម្មព្រួតគ្នាដាក់សំដៅលើមន្ត្រីជាន់ខ្ពស់ក្នុងតំបន់ស៊ីនជាំងចំនួន៤រូប និងក្រុមហ៊ុន ចំនួន ២។ ចំណាត់ការដាក់ទណ្ឌកម្មរួមមាន៖ ការហាមមិនឱ្យធ្វើដំណើរចូលទឹកដីរបស់ពួកគេ ក៏ដូចជាការបង្កកទ្រព្យ សម្បត្តិ។ ក្រោយរងទណ្ឌកម្មនេះក្រសួងការបរទេសចិន បានកោះហៅឯកអគ្គរដ្ឋទូតអាមេរិក អឺរ៉ុប កាណាដា និងអង់គ្លេសទៅសួរនាំផងដែរ។
គួរបញ្ជាក់ដែរថា សម្រាប់ចិនវិញ បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នអឺរ៉ុបសរុបចំនួន១០ ដែលរួមមានតំណាងរាស្ត្រ សភាអឺរ៉ុបចំនួន៥នាក់ អ្នកស្រាវជ្រាវស្តីពីបញ្ហាពីរំលោភបំពាននៅស៊ីនជាំង និងទីបេ ក៏ដូចជាស្ថាប័នស្រាវជ្រាវ របស់អាល្លឺម៉ង់ និងដាណឺម៉ាកផងដែរ។ ប្រទេសទាំងនេះ ក៏ហៅអគ្គរដ្ឋទូតចិនប្រចាំរៀងៗខ្លួនទៅតវ៉ាផងដែរ៕ដោយ៖ស តារា
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន
រូបថត៖REUTERS