ប្រទេស ថៃ៖ ចូលរួមអបអរសារ ទរទៅកាន់ កញ្ញា លីវ ជីលី កញ្ញាឯក ពីកម្ពុជា ដែលបាននិងកំពុងស្ថិតនៅប្រទេសថៃ ក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់ទ្រង់ទ្រាយអន្តរជាតិ Miss Grand International 2020 ក្រោយពីនាងទទួលបានពានក្រៅផ្លូវការក្នុងដៃ១រួចជាស្រេចមានឈ្មោះថា “Grand Pageant Choice Award” ដែលជាពានលេចធ្លោរលើការបោះឆ្នោតតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។
កម្មវិធីប្រគល់ពានរង្វាន់ក្រៅផ្លូវការនេះត្រូវបានធ្វើឡើងកាលពីម្សិលមិញនេះដែរ ហើយក៏បានបង្ហាញពីមោទភាព និងឆ្លុះបញ្ចាំងពីការសាមគ្គីភាពរបស់ប្រជាជនកម្ពុជាក្នុងការចូលរួមការបោះឆ្នោតសម្រាប់លីវ ជីលីនោះ។ ទោះជាយ៉ាងណានេះមិនមែនលើកទី១ទេដែល បេក្ខនារីពីកម្ពុជាទទួលបានពានរង្វាន់នេះពីកម្មវិធីដែលគេចាំបានដែរថា បេក្ខភាពបេក្ខនារីពីកម្ពុជាដែលចូលរួមប្រកួតក្នុងកម្មវិធីសម្រស់ខាងលើមានដូចជាកញ្ញា ខ្លឹម ស្រីគាជាតិ Miss Grand Cambodia 2017 កញ្ញា ឌី លីកា Miss Grand Cambodia 2018ក៏ធ្លាប់បានទទួលបានពានរង្វាន់កិត្តិយសមួយនេះផងដែរ ខណៈដែលកញ្ញា នូ ទឹម ស្រីនាថ Miss Grand Cambodia 2014ក៏ទទួលបានពានរង្វាន់ប្រជាប្រិយផងដេរ។
រាត្រីថ្ងៃទី២៧ ខែមីនាឆ្នាំ២០២១ គឺជាកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ លីវ ជីលី បានឈានជើងចូលក្នុងវគ្គ២០នាក់ចុងក្រោយក្នុងចំណោមបេក្ខភាពទាំង៦៣ ប្រទេសដែលជាប្រវត្តិសាស្ត្រក្នុងការចូលរួមប្រកួតក្នុងកម្មវិធីកញ្ញាឯកមួយនេះ បន្ទាប់ពីនាងទទួលបានការបោះឆ្នោតច្រើនលើសលប់ក្នុងកម្មវិធីមួយមានឈ្មោះថា “Queen With the Golden Grown” របស់ស្ថានប័នកម្មវិធីនេះ។ ការប្រកាសអំពីពានរង្វាន់ឈុតតំណាងជាតិ ពានរង្វាន់ប្រជាប្រិយ និងពានរង្វាន់នានាក៏នឹងត្រូវប្រកាសនៅរាត្រីនេះផងដែរ។ គេនៅតែទន្ទឹងរងចាំមើលដែរថា តើកញ្ញាឯកពីកម្ពុជារូបនេះអាចនឹងមានឱកាសឡើងទៅកាន់វគ្គ១០នាក់ចុងក្រោយ ៥នាក់ចុងក្រោយ ឬក្លាយជាម្ចាស់មង្កុដមាសរបស់កម្មវិធីនេះដែរឬយ៉ាងណា។ ព្រឹត្តិការណ៍នេះនឹងមានការផ្សាយផ្ទាល់នៅម៉ោង៧យប់នេះពីDC Hall នារាជធានីបាងកកព្រះរាជាណាចក្រថៃ។
គួរបញ្ជាក់ដែរថា លីវ ជីលីគឺជាអតីតកញ្ញាឯករងលំដាប់ទី២ បានក្លាយជាម្ចាស់មង្កុដ Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា និងកញ្ញា លឹម សុធាវី ម្ចាស់តំណែងរងលំដាប់ទី១ បានសម្រេចចិត្តបោះបង់តំណែង ក្រោយលេចចេញភាពចម្រូងចម្រាស់ជាមួយក្រុមហ៊ុនផលិតកម្មវិធី។ នាងមានអាយុ២៤ឆ្នាំ កម្ពស់១,៧០ម៉ែត្រ បញ្ចប់ការសិក្សាត្រឹមឆ្នាំទី៣នៃជំនាញហិរញ្ញវត្ថុធនាគារ ។ នាងបានផ្លាស់ប្តូរការគិតរបស់ទស្សនិកជនមួយចំនួនថាត្រឹមតែជាបេក្ខនារីអមឆាក ក្រោយនាងបានបញ្ចេញសមត្ថភាពប្រកបដោយភាពជឿជាក់ និងលេចធ្លោរមិនចាញ់បេក្ខនារីទាំង៦២ប្រទេសផ្សេងទៀតឡើយរាបចាប់តាំងពីនាងធ្វើដំណើរដល់ប្រទេសថៃកាលពីចុងខែកុម្ភៈមករហូតដល់វគ្គបង្ហាញរូបសម្រស់សមត្ថភាពក្នុងកម្មវិធីជាច្រើនបន្តបន្ទាប់៕
ដោយ វឌ្ឍនា