ភ្នំពេញ, ពុទ្ធោអើយ! មួយគ្រួសារត្រូវឆ្លងកូវីដ-១៩ មានទាំងម្តាយកូនខ្ចីអាយុ៤ខែ កូនអាយុ៤ឆ្នាំ អាយុ៦ឆ្នាំ ត្រូវចាកចេញពីផ្ទះទាំងយប់ទៅព្យាបាលតាមឡានពេទ្យ ! តើអ្នកយល់ពីអារម្មណ៍១នេះទេ ?
លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន អាណិតពួកគាត់ណាស់ ក្នុងនាមជាថ្នាក់ដឹកនាំមូលដ្ឋានឃើញ ប្រជាពលរដ្ឋមានវិបត្តិនេះ។
នៅមុននេះបន្តិច ! នាវេលាម៉ោង៨យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានសំណេរលើ facebook ផ្លូវការលោកថា, “😭គ្រាន់តែដឹងថាប្រជាពលរដ្ឋ..មានវិជ្ជមាន ខ្ញុំហាក់គ្មានកម្លាំងទន់ដៃ សូមបីតែចាប់អាយកូមក៍របូត ស្រក់ទឹកភ្នែកមិនដឹងខ្លួន! ទឹកចិត្តឪពុក(បើឪពុកមិនទៅតើបានពីណាមើលកូនង៉ែតនេះ) បីកូនអាយុ៤ខែ ឡើងឡានពេទ្យដោយប្រពន្ធកើតCovidមុន២ថ្ងៃ រីឯក្មួយៗអាយុ៤ឆ្នាំ និង៦ឆ្នាំ(កើត១គ្រួសារ)…មិនមែនទៅរៀនទេក្មួយគឺទៅពេទ្យដើម្បីព្យាបាលជម្ងឺCovid19 ។ អុំបានត្រឹមឈរមើលស្រកទឹកភ្នែកនិងជូនពរបងប្អូន ក្មួយៗ មានសុខភាពល្អនិងឆាប់ជាមកផ្ទះវិញដោយសុខសប្បាយ🙏”។
ត្រង់ចំណុចនេះ យើងគួរនឹកឃើញ ទឹកភ្នែកលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ពេលកំពុងសំភាសន៍ជាមួយស្ថានីយទូរទស្សន៍ BTV លោកស្រីស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ខណៈជំងឺកូវីដ-១៩កាចសាហាវ និងបំលែងថ្មីឆ្លងរហ័សឆក់ជីវិតប្រជាពលរដ្ឋ ហើយក្នុងករណីខ្លះប្រជាពលរដ្ឋ មិនសូវយកចិត្តទុកដាក់អនុវត្តតាមវិធានសុខាភិបាល! លោកស្រីធ្លាប់ថ្លែងទាំងទឹកភ្នែកថា, ក្រសួងសុខាភិបាល បានបញ្ជាក់ច្បាស់ៗថា ដំណក់កាលនេះការស្លាប់ដោយសារជំងឺកូវីដ-១៩ គឺជាការពិត មិនមែនជាការលេងសើចទេ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។ ហើយសូមអំពាវនាវដល់សាធារណជនមេត្តា កុំមានការយល់ខុសទៀត ថា ការស្លាប់នេះគឺជាការរៀបចំឲ្យសោះ !! ប្រាប់ប្រជាពលរដ្ឋផង ស្រក់ទឹកភ្នែកផង ! គួរយល់ពីអារម្មណ៍ថ្នាក់ដឹកនាំជំនាញផង ?
សូមបញ្ជាក់ថា, គ្រូពេទ្យជួរមុខមួយរូប បង្ហាញក្ដីតក់ស្លុតវីរុសប្រែរូបថ្មី វាយលុកចូលសាច់ស៊ីសួតខ្ទេច តែ ២ ទៅ ៥ថ្ងៃ។
លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យមហាបរិញ្ញា វ៉ាន់ មិច ឯកទេសព្យាបាលជំងឺសួត ជំងឺហឺត និង អាលែកហ្សី បានបង្ហាញអារម្មណ៍ ភ័យខ្លាច និងព្រួយបារម្ភ ចំពោះស្ថានភាពជំងឺកូវីដ.១៩ នៅកម្ពុជា នាពេលបច្ចុប្បន្នព្រោះវាកូវីដប្រភេទថ្មី។
រៀបរាប់នៅលើបណ្ដាញសង្គម ដែលមានឈ្មោះថា Vann Mich លោកដុកទ័របានសរសេរថា៖” មានបទពិសោធន៍ជាង១ឆ្នាំក្នុងការគ្រប់គ្រង និងព្យាបាលជំងឺកូវីដដោយគ្មានការភ័យខ្លាច ឬតក់ស្លុតឡើយ។ តែក្នុង១ខែចុងក្រោយនេះចាប់ពី ២០ កុម្ភៈ ២០២១ ខ្ញុំមានអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភណាស់ ពីព្រោះវាជាប្រភេទមេរោគប្រែរូបថ្មី (Variant Virus Strain) ដែលក្នុងរយៈពេលតែ២ទៅ៥ថ្ងៃវាវាយលុកចូលស៊ីសាច់សួតខ្ទេចខ្ទីទាំងសងខាង”។
“រូបភាពសួតត្រូវបានមេរោគស៊ីសុសសាច់ដ៏គួរអោយខ្លាច ។ គ្មានថ្នាំណាអាចសម្លាប់វាបានទេ គឺមានតែអនុវត្តន៌អោយបានដាច់ខាតតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ ៣កុំ ៣ការពារទេទើបអាចទប់ស្កាត់ ឬកាត់បន្ថយការឆ្លងរាតត្បាតនៃមេរោគនេះ ។ សូមបួងសួងដល់ព្រះ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោកជួយតាមថែរក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ដល់ថ្នាក់ដឹកនាំប្រទេស ប្រជាជនខ្មែរទាំងអស់ ក្រុមគ្រួសារខ្ញុំ និងខ្លួនខ្ញុំផ្ទាល់បានជៀសផុតពីជំងឺនេះ និងសូមអោយមេរោគនេះសាបរលត់ចាកផុតពីប្រទេសខ្មែរយើងឆាប់ៗ”៕
ដោយ, សុខ ខេមរា