ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ លោក ស សុខា ជាតំណាងដ៏ខ្ពង់ខ្ពស់លោក បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិមានជ័យ និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្ត របស់សាកលវិទ្យាល័យជាតិមានជ័យ និងសាកលវិទ្យាល័យជាតិបាត់ដំបង តាមប្រព័ន្ធ Zoom ។
ជាលទ្ធផលឆ្នាំដំបូង នៃយុទ្ធសាស្ត្រកំណែទម្រង់របស់សាកលវិទ្យាល័យទាំងពីរ ក្នុងឆ្នាំសិក្សា២០២០-២០២១ នេះ សិស្ស-និស្សិតចុះឈ្មោះចូលរៀន មានកំណើនខ្ពស់ ប្រមាណជាង ២ពាន់នាក់ សម្រាប់សាកលវិទ្យាល័យជាតិបាត់ដំបង ។ ចំណែកសាកលវិទ្យាល័យជាតិមានជ័យ ក៏មិនខុសគ្នាដែរ គឺមានសន្ទុះកើនជាងឆ្នាំមុន (ពីចំនួន ២៧៤នាក់ ទៅដល់ចំនួន ៧៦៣នាក់) ស្មើនឹង ២៧៨% ដែលនេះជាលទ្ធផលដ៏ត្រចះត្រចង់ និងជាទីមោទនៈ។
តាមរយៈលទ្ធផលទាំងអស់នេះហើយ បានឆ្លុះបញ្ចាំងពីការដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងជួរក្រុមប្រឹក្សាភិបាល គណៈកម្មការគ្រប់គ្រង គណៈគ្រប់គ្រង និងអ្នកពាក់ព័ន្ធផ្សេងទៀត ហើយក៏ដើម្បីបន្តអភិវឌ្ឍគ្រឹះស្ថានសិក្សារដ្ឋទាំងពីរនេះ ឱ្យក្លាយទៅជាគ្រឹះស្ថានសិក្សាគំរូនៅក្នុងប្រទេសយើង នាពេលអនាគត។
លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា, ក្នុងនាម លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ លោក លោកស្រី ជាក្រុមប្រឹក្សាភិបាល គណៈកម្មការគ្រប់គ្រង គណៈគ្រប់គ្រង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងការដឹកនាំ អនុវត្តការងារយ៉ាងសកម្ម ធ្វើអោយសាកលវិទ្យាល័យទាំងពីរ មានភាពល្អប្រសើរបន្តិចម្តងៗ ព្រមទាំងទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់ឪពុកម្តាយ អាណាព្យាបាល ជាពិសេសប្អូនៗ ក្មួយៗសិស្ស និស្សិត ក្នុងឆ្នាំសិក្សាថ្មីនេះ ទាំងក្នុងខេត្ត និងខេត្តជាប់នេះផងដែរ។
ដោយស្ថានភាពជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលដល់ប្រជាពលរដ្ឋខ្មែរជាច្រើន និងជារៀងរាល់ថ្ងៃ ព្រមទាំងបានសម្លាប់ជីវិតប្រជាពលរដ្ឋជាបន្តបន្ទាប់ គួរឲ្យព្រួយបារម្ភ។ ដូច្នេះសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងថែទាំសុខភាពឲ្យបានជាប្រចាំ ព្រមទាំងអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួន៕
ដោយ, សិលា