លោក​ ស​ សុខា​ បេីក​កិច្ចប្រជុំអនុវិស័យកីឡា ស្តីពីការត្រៀមប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ និងក្រុមថ្នាល

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២១នេះ​ លោក​ ស​ សុខា​ រដ្ឋលេខាធិការក្រសួងអប់រំ​ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ និងក្រុមថ្នាល របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា តាមប្រព័ន្ធ Zoom ។

លោក​ ស​ សុខា​ បានលើកឡើងថា​ ក្នុងនាមលោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្ដម លោកជំទាវ លោក លោកស្រី និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងកិច្ចការងារប្រមូលផ្ដុំក្រុមជម្រើសជាតិ និងក្រុមថ្នាល បើទោះបីកម្ពុជាយើងមានបញ្ហាប្រឈមដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះយ៉ាងណាក្តី។

ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមអាណាព្យាបាល នៃសហព័ន្ធទាំងអស់ យើងត្រូវធ្វើ ៤ចំណុច ឲ្យល្អបំផុតពេលនេះ និងអនាគត ៖ ទី១. ដាក់ផែនការឆ្ពោះទៅស៊ីហ្គេម ទី២. តាមដានផែនការ ទី៣. បង្កើតសកម្មភាពឲ្យសម្រេចលទ្ធផលនៅឆ្នាំ២០២១ និង២០២៣ និងទី៤.ចុងក្រោយធ្វើតេស្តសមត្ថភាពជាប្រចាំ ។

ក្នុងការហ្វឹកហាត់ ស្នើឲ្យមាន QR Code ទប់ស្កាត់កូវីដ-១៩ វាស់កម្ដៅ និងបាញ់អាល់កុល ឲ្យបានត្រឹមត្រូវ មុននឹងហ្វឹកហាត់ បន្ទាប់ពីមានការអនុញ្ញាតឡើងវិញរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងនោះ ត្រូវធ្វើការជូនដំណឹងដល់អត្តពលិកទាំងអស់ ឲ្យកត់ត្រាកន្លែងដែលខ្លួនបានទៅជាប្រចាំ បើចាំបាច់បំផុតខាងមិនបាននោះ (ត្រូវកត់ត្រាជាកំហិត) ព្រោះបើមានករណីឆ្លងកូវីដ-១៩ យើងអាចគ្រប់គ្រងបានទាន់ពេល។ បើមានម្នាក់ឆ្លង ឬប៉ះពាល់ដោយប្រយោល គឺយើងត្រូវផ្អាកការហ្វឹកហាត់កន្លែងនោះតែម្ដង។ យើងត្រូវចូលរួមទប់ស្កាត់ឲ្យខាងតែបាន កុំឲ្យកូវីដ-១៩ អាក់ដំណើរឆ្ពោះទៅរកមេដាយនៅស៊ីហ្គេមរបស់យើង រួមគ្នាបញ្ឈប់កូវីដ-១៩ កុំឲ្យកូវីដផ្ដាច់ការហ្វឹកហាត់ និងផ្ដាច់សង្ខាររបស់យើង។

ដោយស្ថានភាពជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលដល់ប្រជាពលរដ្ឋខ្មែរជាច្រើន និងជារៀងរាល់ថ្ងៃ ព្រមទាំងបានសម្លាប់ជីវិតប្រជាពលរដ្ឋជាបន្តបន្ទាប់ គួរឲ្យព្រួយបារម្ភ។ ដូច្នេះសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងថែទាំសុខភាពឲ្យបានជាប្រចាំ ព្រមទាំងអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួន៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print