WHO នឹងបង្ហាញពីអ្វីក្នុងរបាយការណ៍ស្តីពីប្រភពកូវីដ-១៩ ដែលពិភពលោកកំពុងរង់ចាំ

ចែករំលែក៖

នៅទូទាំងពិភពលោកកំពុងតែរង់ចាំអង្គការ WHO បញ្ចេញរបាយការណ៍ស្តីពីប្រភពកូវីដ-១៩ នៅទីក្រុងវូហាន ដែលនឹងប្រកាស ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នៅពេលនេះក៏មានការសង្ស័យជាច្រើនផងដែរ ក្នុងនោះមានកូវីដ-១៩ លេចចេញពីបន្ទប់ពិសោធន៍របស់ចិន ឬក៏ចម្លងពីសត្វ។
អង្គការសុខភាពពិភពលោកបានចំណាយពេល២៨ថ្ងៃ ស្រាវជ្រាវ នៅក្នុងទីក្រុងវូហាន ដែលជាទីក្រុងផ្ទុះការឆ្លងកូវីដ-១៩ មុនគេបង្អស់នៅលើពិភពលោក។ ប្រទេសជាច្រើននៅលោកខាងលិច ក្នុងនោះមានអាមេរិក សង្ស័យថាវីរុសនេះចេញពីបន្ទប់ពិសោធន៍របស់ចិន។
របាយការណ៍ពីក្រុមជំនាញអន្តរជាតិ របស់អង្គការសុខភាពពិភពលោក (WHO) ដែលបានធ្វើទស្សនកិច្ចដោយផ្ទាល់ ទៅកាន់ទីក្រុងវូហាន ប្រទេសចិន បានធ្វើការសន្មត់តែម្តងថា វីរុសកូវីដ-១៩ ទំនងជាត្រូវបានចម្លងពីសត្វប្រចៀវទៅកាន់មនុស្ស តាមរយៈសត្វជាអន្តរការីមួយប្រភេទទៀត ដែលមិនទាន់ត្រូវបានកំណត់ឃើញ ឬបាត់ដាន (missing link) ប៉ុន្តែក្រុមជំនាញបានច្រានចោលទាំងស្រុង ចំពោះការលើកឡើងថា វីរុសកូរ៉ូណាត្រូវបានបែកធ្លាយចេញពីមន្ទីរពិសោធន៍។
របាយការណ៍ចុងក្រោយ ដែលក្រុមជំនាញ WHO បានចេញនៅពេលនេះ គឺត្រូវបានទន្ទឹងរង់ចាំដោយអន្តរជាតិ ជាយូរណាស់មកហើយ គិតចាប់តាំងពីក្រុមជំនាញនេះ បានចាកចេញពីទីក្រុងវូហាន កាលពីមួយខែមុនមកម្ល៉េះ។ យ៉ាងណាក៏ដោយ ការចេញរបាយការណ៍យឺតនេះ ត្រូវបានក្រុមជំនាញអន្តរជាតិ WHO អះអាងថា ដោយសារតែពួកគេត្រូវការពេលវេលា ដើម្បីរៀបចំលំដាប់លំដោយនៃសម្មតិកម្ម។
ក្រុមជំនាញខាងលើនេះជឿជាក់ក្នុងកម្រិតខ្ពស់ថា វីរុសកូរ៉ូណា (SARS-CoV-2) ដែលបង្កទៅជាវីរុសកូវីដ-១៩ មានប្រភពដើមមកពីសត្វប្រចៀវ។ អ្វីដែលត្រូវបញ្ជាក់បន្ថែមទៀតនោះ គឺថាតើវីរុសនោះបានចម្លងមកកាន់មនុស្ស តាមរយៈសត្វប្រចៀវដោយផ្ទាល់ ឬតាមរយៈសត្វណាផ្សេងទៀត ដែលក្រុមការងារអន្តរជាតិនេះ មិនអាចកំណត់បាន។ បន្ថែមពីនេះ ក្រុមជំនាញក៏បានរកឃើញថា វីរុស SARS-CoV-2 បានវិវត្តន៍លើខ្លួនសត្វប្រចៀវ អស់រាប់ទសវត្សរ៍មកហើយ ប៉ុន្តែសម្រាប់ដំណើរនៃការកកើតពពួកវីរុសនេះ គឺទំនងជាបាត់ដានទៅហើយ ៕

...

រូបភាព៖ VTC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print