បច្ចុប្បន្នស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃ ខាងក្រៅមិនហ៊ានចូលប្រទេស ខាងក្នុងវិញនាំគ្នាភៀសខ្លួនចេញពីប្រទេសទៅកាន់ប្រទេសជិតខាងមានថៃនិងឥណ្ឌាជាដើម ដោយសារតែយោធាប្រើហិង្សាកាន់តែខ្លាំងទៅលើបាតុករ និងអ្នករិះគន់យោធា ។
មនុស្សគ្រប់គ្នាបានដឹងហើយថា ការរិះគន់ដោយបើកចំហទៅលើយោធាមីយ៉ាន់ម៉ា នឹងមិនមានលទ្ធផលល្អនោះឡើយ នឹងត្រូវកម្លាំងទាហានចាប់ដាក់គុក ឬបាត់ខ្លួនតែម្តង។ កត្តាទាំងនោះហើយបានបង្កឱ្យបវរកញ្ញាមីយ៉ាន់ម៉ា Miss Grand International (បវរកញ្ញាសន្តិភាពពិភពលោក) ដែលធ្វើឲ្យពិភពលោកកក្រើកតាមរយៈការបញ្ចេញទស្សនៈផ្ទាល់ខ្លួន ដោយអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយបញ្ចប់អំពើហិង្សានៅក្នុងប្រទេសរបស់ខ្លួន បង្កឡើងដោយយោធា។ បវរកញ្ញាមីយ៉ាន់ម៉ាបានសរសេរថា«សូមជួយសង្គ្រោះយើងខ្ញុំផង»។
បវរកញ្ញាមីយ៉ាន់ម៉ានាង Han lay មិនត្រឹមតែតំណាងសម្រស់ស្ត្រីមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងតំណាងឲ្យសំឡេងពលរដ្ឋមីយ៉ាន់ម៉ាទាំងមូលនៅក្នុងប្រទេសដែលស្រេកឃ្លានសន្តិភាព សេរីភាព និងប្រជាធិបតេយ្យ។
ដើម្បីសុវត្ថិភាព Miss Grand Myanma កញ្ញា Han Lay ទទួលបានការអនុញ្ញាតឱ្យស្នាក់នៅបន្តក្នុងប្រទេសថៃដើម្បីធានាសុវត្ថិភាពរបស់នាង បើទោះជា Miss Grand ប្រចាំប្រទេសដទៃទៀតបានវិលត្រឡប់ទៅប្រទេសរៀងៗខ្លួនអស់ក្ដី។
កម្មវីធីប្រកួតបវរកញ្ញាលំដាប់ពិភពលោក Miss Grand International បានបញ្ចប់ដោយរលូនកាលពីយប់ថ្ងៃទី២៧ មីនា កន្លងទៅ ដែលជាថ្ងៃបង្ហូរឈាមច្រើនបំផុតក្នុងប្រទេសមីយ៉ាន់ម៉ា គឺមានបាតុករដល់ទៅជាង១០០នាក់ស្លាប់ ។ នាង Han lay មិនទាន់វិលត្រឡប់ទៅប្រទេសខ្លួននៅ ឡើយទេដោយសារតែមានការព្រួយបារម្ភពីសុវត្ថិភាពរបស់នាង ថៃក៏សម្រេចចិត្តអនុញ្ញាតឱ្យបវរកញ្ញារូបនេះអាចស្នាក់នៅបន្ត។ ជាមួយគ្នានេះដែរ ពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ៣០០នាក់បានភៀសខ្លួនទៅកាន់ប្រទេសថៃ ក្រោយកម្លាំងទាហានបានបើកការវាយប្រហារទីតាំងទាហានក្រុមជនជាតិភាគតិច ការ៉ែន ដែលបានការពារក្រុមបាតុករ៕ដោយ សាធី
រូបភាព៖ thanhnien