ខេត្តបាត់ដំបង៖ អ្នកស្រុកកំរៀង ខេត្តបាត់ដំបង បានខ្សឹបថា លោក ឆាយ បូ មេគយច្រកទា្វរអន្តរជាតិដូង និងមន្ត្រីជំនិតឈ្មោះ ចែត្រ សេដ្ឋា បានបើកដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធ ច្រើនខែមកហើយ តែអាជ្ញាធរ ខេត្តបាត់ដំបងហាក់មិនបានអើពើនោះទេ ហើយទំនិញគេចពន្ធ ហូរចូលពីប្រទេសថៃ មានចំនួនកាន់តែច្រើនឡើងៗ ដែលក្នុងនោះ ក៏មានទំនិញ ខូចគុណភាពថែមទៀត ។
អ្នកស្រុកបានបញ្ជាក់ថា បញ្ហាខាងលើនេះ កើតឡើងដោយសារតែ មន្ត្រីជំនាញ របស់លោក ឆាយ បូ មិនបំពេញការងារ ឲ្យបានត្រឹមត្រូវ តាមតួនាទីរបស់ខ្លួន ផ្ទុយទៅវិញមន្ត្រីជំនាញមួយចំនួន ថែមទាំងបានឃុបឃិត ជាមួយឈ្មួញប្រព្រឹត្តបទល្មើស ដោយមិនខ្វល់ ពីការខាតបង់ ចំណូលថវិកាជាតិនោះទេ។ ជាក់ស្តែង គ្រឿងកំប៉ុង បន្លែផ្លែឈើ គ្រឿងទេស គ្រឿងបន្លាស់ម៉ូតូ និងរថយន្ត ត្រូវបានឈ្មួញ នាំចូលពីប្រទេសថៃ មកក្នុងប្រទេសកម្ពុជា ដោយមិនមានការពិនិត្យ និងបង់ពន្ធ ឲ្យបានត្រឹមត្រូវឡើយ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ក្នុងចំណោមមុខទំនិញ ដែលបានរៀបរាប់ខាងលើ ភាគច្រើនមិនបានបង់ពន្ធជូនរដ្ឋ ឲ្យបានត្រឹមត្រូវនោះទេ ហើយគេដឹងថា ឈ្មួញបានចែកភាគរយ នៃផលចំណេញ ជាមួយមន្ត្រីជំនាញគយ របស់លោក ឆាយ បូ។ ប្រជាពលរដ្ឋ នៅស្រុកកំរៀង បានរិះគន់ថា ករណីប្រព្រឹត្ត បទល្មើសសេដ្ឋកិច្ច នៅតាមបណ្តោយព្រំដែន នៅតែកើតមាន ហើយករណីខ្លះ មន្ត្រីជំនាញគយ បានឃុបឃិត ដោយផ្ទាល់តែម្តងក៏មាន ៕
ដោយ៖ ហេង សូរិយា