មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ថា៖​ ការស្រាវជ្រាវរបស់ខេមបូចា មិនគ្រប់ជ្រុងជ្រោយ និងមិនមានលក្ខណៈវិទ្យាសាស្រ្តនោះទេ

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានអះអាងថា ការស្រាវជ្រាវរបស់ខេមបូចា មិនគ្រប់ជ្រុងជ្រោយ និងមិនមានលក្ខណៈវិទ្យាសាស្រ្តនោះទេ ព្រោះវាគ្រាន់តែជារបាយការណ៍បូកសរុបព្រឹត្តិការណ៍ និងសន្និដ្ឋានផ្អែកលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ដោយមិនបានធ្វើការវិភាគអំពីទិដ្ឋភាពច្បាប់ ជាពិសេសអង្គហេតុ និងអង្គច្បាប់ ដែលនាំឱ្យមានបទល្មើស និងការចោទប្រកាន់តាមផ្លូវតុលាការលើអ្នកសារព័ត៌មានពាក់ព័ន្ធនឹងសំណុំរឿងនីមួយៗនោះឡើយ។

លោក ជិន ម៉ាលីន​ លេីក​ឡើងបែបនេះ​ បន្ទាប់ពី​សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា (CamboJA) បានចេញផ្សាយរបាយការណ៍មួយ ស្ដីពី ស្ថានភាពអ្នកសារព័ត៌មានកម្ពុជា ឆ្នាំ២០២០ ដោយបង្ហាញថា អ្នកសារព័ត៌មានពិបាកប្រើប្រាស់សិទ្ធិស្របច្បាប់ និងសេរីភាពក្នុងការរាយការណ៍ដោយមានការចាប់ខ្លួនដោយអយុត្តិធម៌ និងការអនុវត្តក្រមព្រហ្មទណ្ឌជំនួសច្បាប់ ស្ដីពីរបបសារព័ត៌មាន។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ​ បានលេីកឡេីងបន្ថែមថា​ អ្នកប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ បើមិនទទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌ តើត្រូវទទួលខុសត្រូវតាមច្បាប់អ្វីទៅវិញ? បើអ្នកប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មិនទទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌ តើធ្វើច្បាប់ព្រហ្មទណ្ឌមកដើម្បីអ្វី?

លេីសពីនេះ​ លោក ជិន ម៉ាលីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ «អ្នកសារព័ត៌មានមិនមានអភ័យឯកសិទ្ធិដូចសមាជិកសភានោះទេ ពោលគឺ បើមានកំហុសខាងវិជ្ជាជីវៈ ត្រូវទទួលខុសត្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន តែបើប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ត្រូវទទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌដែលមានជាធរមានដូចពលរដ្ឋដទៃទៀតដែរ»។

ដោយឡែក​បេីតាមការ​លេីក​ឡេី​ងរបស់ខេមបូចា ក៏បានអះអាងថា រយៈពេលមួយឆ្នាំមានអ្នកសារព័ត៌មាន ចំនួន៧២នាក់ រងការយាយីទាំងការចាប់ដាក់ពន្ធនាគារ និងការប្រើប្រាស់ហិង្សា ក្នុងនោះមានអ្នកសារព័ត៌មានយ៉ាងតិចចំនួន៣១នាក់ ត្រូវអាជ្ញាធរ ចាប់ឃុំខ្លួន និងមានអ្នកសារព័ត៌មាន២២នាក់ រងការវាយដំរាងកាយ ឬរងការគំរាមប្រើហិង្សាក្នុងពេលបំពេញការងារ។

ជាមួយគ្នានេះ​ អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានសង្កត់ធ្ងន់ថា៖ «ការស្រាវជ្រាវរបស់ខេមបូចា មិនគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈជាវិទ្យាសាស្រ្តនោះទេ ព្រោះវាគ្រាន់តែជារបាយការណ៍បូសរុបព្រឹត្តិការណ៍ និងសន្និដ្ឋានផ្អែកលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ដោយមិនបានធ្វើការវិភាគអំពីទិដ្ឋភាពច្បាប់ ជាពិសេសអង្គហេតុ និងអង្គច្បាប់ ដែលនាំឱ្យមានបទល្មើស និងការចោទប្រកាន់តាមផ្លូវតុលាការ លើអ្នកសារព័ត៌មានពាក់ព័ន្ធនឹងសំណុំរឿងនីមួយៗនោះឡើយ»៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print