ភ្នំពេញ៖ បើតាមការបញ្ជាក់ពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានឲ្យដឹងនៅថ្ងៃអង្គារទី៣០ ខែមីនា ឆ្នាំ២០២១នេះថា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ទណ្ឌិតចំនួនចំនួន៥៤២នាក់(ស្រី៦៨នាក់)នឹងត្រូវបានក្រសួងយុត្តិធម៌លើយកមកដាក់ក្នុងកិច្ចប្រជុំដើម្បីវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោស។
ថ្លែងតាមរយៈប្រព័ន្ធអេឡិកត្រូនិកលោកគឹម សន្តិភាព បានបញ្ជាក់ថា នៅថ្ងៃពុធទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២និង ៣០នាទីរសៀលស្អែកនេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ ។
រដ្ឋលេខាធិការរូបនេះ បន្តទៀតថា កិច្ចប្រជុំនេះនឹងធ្វើឡើងតាមប្រព័ន្ធអេឡេត្រូនិច(ZOOM) ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុង ឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ តាមសំណើសុំពីគណៈកម្មការរាជធានីខេត្តចំនួន២៣(ពន្ធនាគាររាជធានី-ខេត្តចំនួន ២៣) និងគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង ៤) សរុបទណ្ឌិតមានចំនួន ៥៤២នាក់ (ស្រី ៦៨ នាក់) ក្នុងនោះ៖ស្នើសុំលើកលែងទោសចំនួន ៧០ នាក់ (ស្រី ០៩នាក់)។សម្រាប់ការស្នើសុំបន្ធូរបន្ថយទោសចំនួន ៤៧២ នាក់ (ស្រី ៥៩ នាក់) ។
គួរជម្រាបថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិតនៅកម្ពុជា មានចំនួន ៥ដង ក្នុងរយៈពេលមួយឆ្នាំរួមមាន៖ ទី១; ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍, ទី២ ;ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ, ទី៣; ពិធីបុណ្យវិសាខបូជា,ទី៤; ពិធីបុណ្យឯករាជ្យជាត, និងទី៥; ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕ដោយ៖ស តារា
លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌