នៅថ្ងៃទី៣០ខែមីនាក្រសួងការបរទេសអាមេរិក បានចេញបញ្ជាឲ្យមន្ត្រីការបរទេសប្រចាំនៅស្ថានទូតក្នុងប្រទេសមីយ៉ាន់ម៉ា វិលត្រឡប់មកប្រទេសវិញ ។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា សមាជិកគ្រួសារនិងអ្នកដែលមិនមានភារកិច្ចការងារនៅមីយ៉ាន់ម៉ា គឺត្រូវវិលត្រឡប់មកប្រទេសឲ្យបានមុន ។ ជាមួយគ្នានេះដែរ ក្រសួងការបរទេសក៏បានស្នើពលរដ្ឋអាមេរិកកំុទៅកាន់មីយ៉ាន់ម៉ាផងដែរ។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា នឹងមានបាតុកម្មជាច្រើនកើនឡើងបន្តទៀតប្រឆាំងនឹងការដឹកនាំដោយយោធាមីយ៉ាន់ម៉ា។
ការប្រកាសរបស់ក្រសួងការបរទេសកើតឡើងក្នុងពេលយោធាមីយ៉ាន់ម៉ាកំពុងតែប្រើហិង្សាកាន់តែខ្លាំង ប្រឆាំងទៅលើក្រុមបាតុករនៅទូទាំងប្រទេសបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។
មកទល់ពេលនេះមានបាតុករ មីយ៉ាន់ម៉ាដល់ទៅ៥២១នាក់ហើយស្លាប់ដោយសារការវាយប្រហារពីកម្លាំងទាហាន ។ ជាមួយគ្នានេះអាមេរិកបានអំពាវនាវឲ្យបណ្តាប្រទេសនានា ក្រុមហ៊ុន ដកការវិនិយោគចេញដើម្បីដាក់គំនាបទៅលើយោធា។ ជាមួយគ្នានេះសហគមន៍អន្តរជាតិ នឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនដែលផ្តល់ផលប្រយោជន៍ដលយោធា ។នៅថ្ងៃទី៣០ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងដល់អំពើហិង្សា បង្កឡើងដោយយោធាទៅលើបាតុករ ។
ជាមួយគ្នានេះបណ្តារដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសចំនួន១២នៅលោកខាងលិច បានចេញសេចក្តីប្រកាសរួមថ្កោលទោសដល់យោធាមីយ៉ាន់ម៉ាដែលបានសម្លាប់ពលរដ្ឋរបស់ខ្លួនជាច្រើន ។ កាលពីថ្ងៃទី៣០ខែមីនាពលរដ្ឋមីយ៉ាន់ម៉ា នាំគ្នាធ្វើបាតុកម្មសំរាម ដោយនាំគ្នាយកសំរាមចោលពេញផ្លូវក្នុងទីក្រុងដើម្បីប្រឆាំងយោធា៕ដោយ សាធី
រូបភាព៖ AP