លោក​ ជិន ម៉ាលីន៖​ ឆ្លើយតបទៅនឹងរបាយការណ៍អាមេរិក​ អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖​ បើយោងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះថា បានឆ្លើយតបទៅនឹងរបាយការណ៍អាមេរិក​ អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០២០។

​លោក ជិន ម៉ាលីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមផ្សព្វផ្សាយឡើងវិញនូវរបាយការណ៍ស្ថានភាពសិទ្ធិមនុស្សនិងការអនុវត្តច្បាប់នៅកម្ពុជាឆ្នាំ២០២០ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាភាសាខ្មែរ​ និងអង់គ្លេស ដែលបានចេញផ្សាយកាលពីខែកុម្ភៈកន្លងទៅនេះ និងសូមធ្វើការកត់សម្គាល់អំពីទិដ្ឋភាពជាទូទៅនៃសិទ្ធិមនុស្សចំនួន២ចំណុច »។

ជាក់ស្ដែង​ ២ចំណុចខាងក្រោមនេះ ជាទិដ្ឋភាពទូទៅនៃសិទ្ធិមនុស្សដែលលោក ជិន ម៉ាលីន បានឆ្លើយតប៖

ទី១-ការចេញរបាយការណ៍របស់អាមេរិករិះគន់បញ្ហាសិទ្ធិមនុស្សក្នុងរដ្ឋអធិបតេយ្យមួយ វាជារឿងធម្មតានិងអាចទទួលយកបាន បើការរិះគន់នេះធ្វើឡើងផ្អែកលើទិដ្ឋភាពបច្ចេកទេសនៃសិទ្ធិមនុស្ស ព្រោះថាបញ្ហាសិទ្ធិមនុស្សនេះគ្មានប្រទេសណាមួយអនុវត្តបានល្អឥតខ្ចោះនោះទេ ហើយក៏គ្មានប្រទេសណាមួយអាចធ្វើជាគ្រូនិងជាគំរូសម្រាប់ប្រទេសដ៏ទៃទៀតបានដែរ ដោយសារតែបរិបទខុសគ្នា សូម្បីតែអាមេរិកខ្លួនឯងក៏មានបញ្ហារំលោភសិទ្ធិមនុស្សមិនតិចដែរ ហើយត្រូវបានប្រទេសដ៏ទៃទៀតរិះគន់យ៉ាងចាស់ដៃផងដែរ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនាពេលកន្លងមក។

ទី២-តែបើការចេញរបាយការណ៍រិះគន់នេះ ធ្វើឡើងដោយគ្មានមូលដ្ឋានបច្ចេកទេសនៃសិទ្ធិមនុស្ស និងដើម្បីតែធ្វើនយោបាយភារូបនីយកម្មលើបញ្ហាសិទ្ធិមនុស្សក្នុងរដ្ឋអធិបតេយ្យមួយដើម្បីសម្រេចបាននូវមហិច្ឆតានិងផលប្រយោជន៍ភូមិសាស្រ្តនយោបាយតំបន់របស់ខ្លួន នោះរដ្ឋអធិបតេយ្យដ៏ទៃទៀតគេនឹងមិនអាចទទួលយកបាននោះទេ ព្រោះគេក៏មានផលប្រយោជន៍ជាតិនិងអធិបតេយ្យជាតិរបស់គេដែលត្រូវការពារនិងថែរក្សាផងដែរ។ 

សូមជម្រាបថា​ កាលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន អំពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជាក្នុងឆ្នាំ២០២០ កន្លងទៅនេះ ឆ្លើយតបទៅនឹងការរិះគន់ និងរបាយការណ៍ចោទប្រកាន់ដោយលំអៀង និងគ្មានមូលដ្ឋានរបស់ក្រុម និងអង្គការស្ថាប័នមួយចំនួន ដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល។

គណៈកម្មាធិការធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា របាយការណ៍ចោទប្រកាន់ ដោយលំអៀង និងគ្មានមូលដ្ឋានរបស់ក្រុម និងអង្គការស្ថាប័នមួយចំនួន ដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៅកម្ពុជានោះទេ ព្រោះថារបាយការណ៍ទាំងនេះ គ្រាន់តែធ្វើការប្រមូល បូកសរុបនូវព្រឹត្តិការណ៍ និងធ្វើការសន្និដ្ឋាន តែលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺមិនបានសិក្សាលើមូលហេតុលំអិត ដែលនាំឱ្យកើតមានព្រឹត្តិការណ៍នីមួយៗ ទិដ្ឋភាពនិងនីតិវិធីច្បាប់ អង្គហេតុនៃបទល្មើស និងអំពើដែលជាធាតុផ្សំនៃបទល្មើស ដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់នោះទេ។

ជាមួយគ្នានោះ​ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកថាជាទម្លាប់របស់អង្គការទាំងនេះ កាលណាអាជ្ញាធរអនុវត្តច្បាប់លើក្រុមគោលដៅដែលគេមាន របៀបវារៈច្បាស់លាស់ក្នុងការការពារ ដូចជាសកម្មជនអតីតបក្សប្រឆាំង សកម្មជនអង្គការសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំង គឺពួកគេតែងតែធ្វើការសន្និដ្ឋាន និងចោទប្រកាន់ថាជាការរំលោភសិទ្ធិមនុស្ស ដោយមិនខ្ចីអើពើ និងធ្វើការពិចារណារលើទិដ្ឋភាព និងនីតិវិធីច្បាប់ អង្គហេតុ អំពើដែលជាធាតុផ្សំនាំឱ្យកើតជាបទល្មើស ហើយដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ និងការចោទប្រកាន់តាមផ្លូវតុលាការនោះទេ៕ដោយ​៖ស​ តារា​

សូមអានព័ត៍មានលម្អិតនៅក្នុង​លិខិត​ផ្លូវ​ការរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាភាសាខ្មែរ​ និងអង់គ្លេស មានដូចខាងក្រោមនេះ៖

             

...

ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print