ខេត្តបាត់ដំបង÷ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២១ របស់កងពលតូចថ្មើរជើងលេខ៥២ ។
អញ្ជើញចូលរួមអមដំណើរមាន មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី៣ មេបញ្ជាការតំបន់ប្រតិការសឹករងប៉ៃលិន បណ្ដាការិយាល័យ អង្គភាពនិងអាជ្ញាធរដែនដី។
ក្នុងឱកាសបូកសរុប ឧត្តមសេនីយ៍ឯក ឯក សំអូនបានកោតសរសើរដល់កម្លាំងកងពលតូចថ្មើរជើងលេខ៥២ ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូនជាពិសេសគឺការទប់ស្កាត់ពលករដែលឆ្លងដែនខុសច្បាប់តាមបណ្ដាភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវមិនតែប៉ុណ្ណោះកងពលបានចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗរហូតមានការសរសើរមិនដាច់ពីមាត់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ។
លោកមេបញ្ជាការ ក៏បានផ្តាំផ្ញើកងទ័ពក្នុងកងពលតូចថ្មើរជើងលេខ៥២ ឱ្យបង្កើនការផ្សព្វផ្សាយនិងអនុវត្តឲ្យបានជាដាច់ខាតនូវវិធានការរបស់ក្រសួងសុខាភិបាលក៏ដូចជាបទបញ្ជារបស់សម្ដេចតេជោ រក្សា៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងរាលដាលចូលក្នុងសហគមន៍ក៏ដូចជាភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ៕
ដោយ៖ សូរិយា