រាជរដ្ឋាភិបាលជប៉ុន៖ គាំទ្រ​ដល់​កម្ពុជា​ ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង​ប្រកបដោយ​សុវត្ថិភាព​

ចែករំលែក៖

ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ទី១​ ខែមេសា​ ឆ្នាំ​២០២១នេះ​ បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​យូ​នី​សេ​ហ្វ​​ បានបញ្ជាក់ថា​ រាជរដ្ឋាភិបាល​ជប៉ុន​ បានផ្ដល់​ថវិការ​ជំនួយ​បន្ទាន់​ក្នុង​ទឹកប្រាក់ ៣៦,៩ លាន​ដុល្លារ ដល់​យូ​នី​សេ​ហ្វ​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ដើម្បី​កែលម្អ​ការ គ្រប់គ្រង​ប្រព័ន្ធ​ត្រជាក់​សម្រាប់​ទុកដាក់​វ៉ាក់សាំង​ក្នុងប្រទេស​ចំនួន​១២ ដែល​រង​ផលប៉ះពាល់ ដោយ​ជំងឺ​កូ​វីដ​-១៩​ដោយនៅ​ក្នុងនោះ​រួមទាំង​កម្ពុជា​ផងដែរ​។

​​នៅក្នុងសេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​យូ​នី​សេ​ហ្វ​​ បានបញ្ជាក់បន្ថែមថា​ ថវិកា​ជិត ១​លាន​ដុល្លារ​នៃ​ថវិកា​សរុប​នឹងត្រូវ​ដក​មកប្រើប្រាស់ ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជាពិសេស ដើម្បី​បង្កើន​សមត្ថភាព​នៃ​ប្រព័ន្ធ​ត្រជាក់​តាមរយៈ​ការរៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ មធ្យោបាយ​ដឹកជញ្ជូន និង​ផ្តល់​ការបណ្ដុះបណ្ដាល​ដល់​បុគ្គលិក​សុខាភិបាល​។ សមត្ថភាព នៃ​ប្រព័ន្ធ​ត្រជាក់​មាន​សារៈសំខាន់​យ៉ាងខ្លាំង​សម្រាប់​ការដឹកជញ្ជូន​វ៉ាក់សាំង​ដែល​ត្រូវ​រក្សាទុក​ក្នុង​សីតុណ្ហភាព​ត្រជាក់​ដើម្បី​រក្សា​ប្រសិទ្ធភាព រាប់បញ្ចូល​ទាំង​វ៉ាក់សាំង​កូ​វីដ​-១៩​ផងដែរ​។​

​សូមជម្រាបថា​ កាលពី​ខែធ្នូ ឆ្នាំ​២០២០កន្លងទៅ​ ជា​ផ្នែក​មួយ​នៃ​ការរៀបចំ​សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង រាជ​រដ្ឋា ភិ​បាល​កម្ពុជា យូ​នី​សេ​ហ្វ និង​ដៃគូ​ដទៃទៀត បានធ្វើការ​វាយតម្លៃ​សមត្ថភាព​នៃ​ប្រព័ន្ធ​ត្រជាក់ សម្រាប់​ទុកដាក់​វ៉ាក់សាំង​របស់​ប្រទេស​នេះ​។ ការវាយតម្លៃ​បាន​រកឃើញ​នូវ​ចំណុច​មួយ ចំនួន​ដែល​ត្រូវ​ពង្រឹង​បន្ថែម​ដោយ​ប្រើប្រាស់​ថវិកា​គាំទ្រ​ថ្មី​នេះ​។ ដូច្នេះ​ថវិកា​ជំនួយ​នេះ​នឹង បង្កើន​សមត្ថភាព​នៃ​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​កម្ពុជា ខណៈដែល​ប្រទេស​នេះ​កំពុង ចាប់ផ្ដើម​អនុវត្ត​កម្មវិធី​ចាក់​វ៉ាក់សាំង​រហ័ស និង​ក្នុង​ទ្រង់ទ្រាយ​ធំ​បំផុត​ដែល​មិន​ធ្លាប់មាន នៅក្នុង​ប្រវត្តិសាស្ត្រ​។ ជាការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ធានាថា​ការបែងចែក​វ៉ាក់សាំង កូ​វីដ​-១៩ នឹងមិន​ដាក់បន្ទុក​ធ្ងន់ធ្ងរ​ពេក​មកលើ​សមត្ថភាព​បច្ចុប្បន្ន​ដែល​អាច​បង្កឱ្យមាន​ការ រំខាន​ដល់​សេវា​ផ្ដល់​ថ្នាំ​បង្ការ​សម្រាប់​កុមារ ហើយ​ក្នុងពេល​ជាមួយគ្នា ត្រូវ​ពង្រឹងសមត្ថភាព​នៃ ប្រព័ន្ធ​សុខាភិបាល​ដែលមាន​ស្រាប់ ដើម្បីឱ្យ​ប្រទេស​កម្ពុជា​នៅតែ​ទទួលបាន​ប្រយោជន៍ ក្រោយពេល​ចប់​ជំងឺ​រាតត្បាត​ជា​សកល​នេះ​។​

​ការធានា​ឱ្យ​ការទទួលបាន​វ៉ាក់សាំង​ប្រកបដោយ​សមធម៌ និង​ការបែងចែក​វ៉ាក់សាំង​ឱ្យបាន ឆាប់រហ័ស​គឺជា​ចំណោទ​រួមមួយ​របស់​សហគមន៍​អន្តរជាតិ​ក្នុងការ​ឈានទៅ​សម្រេច​គោលដៅ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅលើ​ភពផែនដី​ទាំងមូល​។ ដើម្បី​រួមចំណែក​ដល់ ការសម្រេច​គោលដៅ​នេះ ប្រទេស​ជប៉ុន​បានផ្ដល់​ជំនួយ​ថវិកា​ចំនួន ២០០​លាន​ដុល្លារ ដល់​កម្មវិធី COVAX ដែលជា​យន្តការ​អន្តរជាតិ​ដឹកនាំ​ដោយ Gavi CEPI អង្គការ​សុខភាព ពិភពលោក និង​យូ​នី​សេ​ហ្វ ដើម្បី​ធានា និង​ព​ន្លឿ​ន​ការផ្ដល់​វ៉ាក់សាំង​ប្រកបដោយ​សមធម៌ ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​។​

​បេីតាមការ​លេីក​ឡេី​ងរបស់​ ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណា​ចក្រកម្ពុជា លោក មី​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) បាន​មានប្រសាសន៍ថា​៖ “​ការ​ចែកចាយ​ផ្ដល់​វ៉ាក់សាំង គឺមាន​សារៈសំខាន់ ដូចគ្នា​ទៅនឹង​វ៉ាក់សាំង​ដែរ​។ រាជរដ្ឋាភិបាល​ជប៉ុន​ប្ដេជ្ញា​ជួយ​កែលម្អ​កម្មវិធី​ផ្ដល់​វ៉ាក់សាំង​នៅ ប្រទេស​កំពុង​អភិវឌ្ឍ​។ បទពិសោធ ច្រើន​ឆ្នាំ​របស់​យូ​នី​សេ​ហ្វ​ក្នុង​កិច្ចសហការ​ជាមួយនឹង រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការអនុវត្ត​កម្មវិធី​ផ្ដល់​ថ្នាំ​បង្ការ គឺជា​ហេតុផល​ដែល​ធ្វើឱ្យ​យើង មាន​ទំនុកចិត្ត​ទាំងស្រុង​ថា ថវិកា​ជំនួយ​នេះ​ពិតជា​នឹង​នាំឱ្យ​សម្រេចបាន​នូវ​លទ្ធផល​វិជ្ជមាន យ៉ាង​ធំធេង​មកលើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​។ យើង​នឹង​បន្ត​សហការ​ជាមួយ យូ​នី​សេ​ហ្វ និង​រាជរដ្ឋាភិបាល​កម្ពុជា រហូតដល់​ពេលដែល​យើង​អាចនិយាយបាន​យ៉ាងពិត ប្រាកដថា យើង​ពិតជា​បាន​ទប់ស្កាត់បាន​ទាំងស្រុង និង​អាច​ស្តារ​ទ្បើង​វិញ​ពី​ការ​រាតត្បាត ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩”​។​

​ក្នុងនាម​ជា​អ្នកទិញ​វ៉ាក់សាំង​ធំជាងគេ​តែមួយគត់​នៅក្នុង​ពិភពលោក យូ​នី​សេ​ហ្វ​ត្រូវបាន ជ្រើសរើស​ឱ្យធ្វើជា​ស្ថាប័ន​ដឹកនាំ​កិច្ចលទ្ធកម្ម និង​ការផ្គត់ផ្គង់​សម្រាប់​យន្តការ​កូ​វ៉ា​ក់​។ នៅ​កម្ពុជា យូ​នី​សេ​ហ្វ និង​អង្គការ​សុខភាព​ពិភពលោក​បាន​បំពេញ​តួនាទី​ជា​ស្ថាប័ន​ដឹកនាំ ការងារ​បច្ចេកទេស រយៈពេល​៣​ទសវត្សរ៍​មកហើយ ក្នុងការ​គាំទ្រ​ដល់​ក្រសួងសុខាភិបាល ក្នុងការ​ពង្រឹង​កម្មវិធី​ផ្ដល់​ថ្នាំ​បង្ការ​ថ្នាក់ជាតិ ដែល​ផ្ដល់​ជា​ប្រយោជន៍​ដល់​កុមារ​រាប់លាន​នាក់ ជា​រៀងរាល់ឆ្នាំ​។​

​ដោយឡែក​នាយិកា​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា លោកស្រី ហ្វ័​រូ​ហ្គ ហ្វូ​យូ​ហ្សិថ (Foroogh Foyouzat) បាន​មានប្រសាសន៍ថា​៖“​យើង​សូម​សម្ដែង​នូវ​ការដឹងគុណ​ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន​ដែ​ល​បាន គាំទ្រ​ដល់​កម្ពុជា​ក្នុងពេល​ដ៏​ចាំបាច់​នេះ ជាពិសេស​ក្នុងពេលដែល​ចំនួន​ករណី​កូ​វីដ​-១៩​កំពុង​កើនឡើង​។ ជំងឺ​រាតត្បាត​ជាស​កល ពុំ​ស្គាល់​ព្រំដែន​នោះឡើយ​ហើយ​វ៉ាក់សាំង​ត្រូវ តែ​បានផ្តល់​ទៅដល់​មនុស្ស​ដែល​ងាយ​ឆ្លង​មេរោគ​នេះ​ជាងគេ និង​មុនគេ​។ មូលនិធិ​ដែល​ផ្ដល់ ដោយ​រាជរដ្ឋាភិបាល​ជប៉ុន​មាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន ដើម្បី​ជួយ​ឱ្យ​យើងទាំងអស់គ្នា អាច​បន្ត​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អនុវត្ត​យុទ្ធនាការ​ច៉ា​ក់​វ៉ាក់សាំង​កូ​វីដ​-១៩ ហើយ​ស្របពេល​ជាមួយគ្នា​ដែរ​បន្ត​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​។ នេះ​គឺជា ជំហាន​មួយ​ដ៏​សំខាន់​ក្នុងការ​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះទៅរក​ការស្ដារ​ឡើងវិញ​ពី​វិបត្តិ​នេះ​​”​៕ដោយ​៖សហការី​

...

រូបភាព​៖យុទ្ធនាការ​ចាប់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩​ ជូនប្រជាពលរដ្ឋ​ នៅប្រទេសកម្ពុជា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print