វិធានការក្តៅ ! អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យដកហូតមធ្យោបាយធ្វើដំណើរ ចំពោះអ្នកដែលបំពានការណែនាំ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងតម្រូវអោយមនុស្សធ្វើចត្តាឡីស័ក១៤ថ្ងៃ ! 

ចែករំលែក៖

ភ្នំពេញ, លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ នៅមុននេះបន្តិចបានថ្លែងយ៉ាងដូច្នេះថា «សូមជម្រាបជូនលោក លោកស្រី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញថា ក្នុងករណីអ្នកមិនស្ដាប់តាមការណែនាំ ត្រូវដកហូតរក្សាទុកមធ្យោបាយរបស់គាត់ បើជិះម៉ូតូយកម៉ូតូទៅទុក បើជិះឡានយកឡានទៅទុក ហើយឲ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះគ្រប់១៤ថ្ងៃ គ្រប់១៤ថ្ងៃទើបប្រគល់មធ្យោបាយឲ្យវិញ។ ក្នុងករណីដែលគាត់ធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានពិនិត្យឃើញថា គាត់មិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចយើង យើងនឹងអនុវត្តការផាកពិន័យបន្ដទៀត»។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដកហូតមធ្យោបាយធ្វើដំណើរ ចំពោះអ្នកធ្វើដំណើរដោយបំពាននឹងបំរាម ដែលបានដាក់ចេញ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។

សូមបញ្ជាក់ថា, តាមរយៈសារសំឡេងផ្ញើជូនស្នងការនគរបាលរាជធានីភ្នំពេញ, មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ដែលបណ្ដាញសារព័ត៌មាន ទទួលបានលោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា បន្ទាប់ដកហូតមធ្យោបាយហើយនោះ ម្ចាស់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅក្នុងផ្ទះរៀងៗខ្លូន។

បើតាមលោក ឃួង ស្រេង នៅពេលធ្វើចត្តាឡីស័កអាជ្ញាធរមូលដ្ឋានត្រូវតាមដានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ក្នុងករណីការអនុវត្តមិនត្រឹមត្រូវ តាមការណែនាំទេនោះ នឹងអនុវត្តនូវការផាកពិន័យតាមច្បាប់តែម្ដង។ ការអនុវត្តបែបនេះ គឺដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងផ្ទុះក្នុងសហគមន៍។
លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ក៏បានថ្លែងផងដែរថា, នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានលើកឡើងពី សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ គិតពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលតម្រូវអោយអនុវត្តវិធានការរឹតត្បិត ឬហាមឃាត់៖
១.សកម្មភាពអាជីវកម្មមួយចំនួន
២.សកម្មភាពប្រមូលផ្តុំមួយចំនួន
៣.បម្រាមគោចរពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ

សូមបងប្អូនពិនិត្យមើលអំពីវិធានការលំអិតនីមួយៗដែលមានចែងក្នុងសេចក្តីសម្រេចខាងក្រោមនេះ!

សូមបងប្អូនដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញយើង!

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print