អេហ្ស៊ីបទាមទារសំណង១ពាន់លានដុល្លារពីហេតុការណ៍ធ្វើឲ្យកកស្ទះព្រែកជីក Suez

ចែករំលែក៖

ការជាប់គាំងចរាចរណ៍រយៈពេលជាង១សប្តាហ៍នៅព្រែកជីក Suez ធ្វើឲ្យប្រទេសអេហ្ស៊ីបខាតបង់ទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារ។ ស្ថាប័នគ្រប់គ្រងព្រែកជីក Suez បានឲ្យដឹងថា ការខាតបង់ជាទឹកប្រាក់ជាង១ពាន់លានដុល្លារ ដោយសារតែនាវា Ever Given ជាប់គាំងទទឹងព្រែក។
សារព័ត៌មាន Bloomberg បានដកស្រង់សម្តី លោក Osama Rabia ប្រធានស្ថាប័នគ្រប់គ្រងព្រែកជីក Suez បានឲ្យដឹងថា «យើងកំពុងតែវាយតម្លៃពីការខាតបង់លើសេវាកម្មផ្សេងៗ មានទាំងជួលនាវាអូសជាច្រើនគ្រឿង ដើម្បីទាញនាវាដឹកទំនិញខាងលើមកបណ្តោយព្រែកវិញ។ លោកក៏បានបន្តទៀតថា នឹងទាមទារសំណងប្រមាណ១ពាន់លានដុល្លារ ប៉ុន្តែមិនបានបញ្ជាក់ថា ទារពីភាគីណាឡើយ។
មន្ត្រីគ្រប់គ្រងព្រែកជីកខាងលើបានឱ្យដឹងថា ក្នុងមួយថ្ងៃៗ គឺខាតបង់យ៉ាងតិច១៤លានដុល្លារ ។ ចំណែកនាវិកទាំង២៥នាក់នៅលើនាវាEver Given អាចនឹងត្រូវចាប់ខ្លួនដើម្បីសួរនាំពីមន្ត្រីអេហ្ស៊ីប ជុំវិញករណីធ្វើឲ្យជាប់គាំងនាវាខាងលើ ។
ក្រុមអ្នកស្រាវជ្រាវក៏បានចាប់ផ្តើម បើកការស្រាវជ្រាវពីករណីខាងលើ ថាតើជាកំហុសរបស់មនុស្សឬ យ៉ាងណា ។ ចំណែកក្រុមហ៊ុន Evergreen គ្រប់គ្រងនាវាដឹកកុងតឺន័រ Ever Given បានឱ្យដឹងថា នឹងមិនមានវិវាទដែលត្រូវដោះស្រាយតាមផ្លូវច្បាប់រវាងម្ចាស់ នាវា នឹងស្ថាប័នគ្រប់គ្រង់នៅអេហ្ស៊ីបនោះឡើយ។ ក្នុងរយៈពេល៤០ឆ្នាំកន្លងមកមិនដែលមានករណីបែបនេះកើតឡើងនោះឡើយ ហើយយើងនឹងគោរពទៅតាមការសម្រេចរបស់គណៈកម្មការគ្រប់គ្រងព្រែកជីកនៅអេហ្ស៊ីប៕ ដោយ សាធី

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print