ក្រសួងសុខាភិបាលបញ្ជាក់ថា, ថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១​ មានករណីស្លាប់បុរសជនជាតិខ្មែរអាយុ​ ២៩ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​

ចែករំលែក៖

ភ្នំពេញ , នៅយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណ៏ស្លាប់បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ ដោយសារ ជំងឺកូវីដ- ១៩។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថាយោងតាម របាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ ដែលរស់នៅសង្កាត់វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦:១០នាទី ។

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីព្រឹក បុរសខាងលើបានចូលមកសម្រាកព្យាបាលជំងឺនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត ដោយអ្នកជំងឺមានសភាពហត់ខ្លាំង នៅពេលនោះក្រុមគ្រូពេទ្យបានយកអ្នកជំងឺដាក់សម្រាក ក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងបានយកសំណាកទៅវិភាគ។ ដោយសារអ្នកជំងឺមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង តម្រូវឱ្យក្រុម គ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់ បាត់បង់ជីវិត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦:១០នាទី ។ លទ្ធផលពិនិត្យសំណាករបស់គាត់ដែល
ទទួលបានពីមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថាមានវិជ្ជមានវីរុសកូវីដ -១៩។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print