កាកបាទក្រហមកម្ពុជាប្រគល់ម៉ាស់និងសម្ភារផ្សព្វផ្សាយបង្ការជំងឺកូវីដ-១៩ដល់ខេត្តកំពង់ស្ពឺនិងខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ភ្នំពេញ៖​ នៅថ្ងៃសុក្រ ទី ០២ ខែមេសា ឆ្នាំ២០២១ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានប្រគល់ម៉ាស់ និងសម្ភារផ្សព្វផ្សាយបង្ការជំងឺកូវីដ-១៩ បន្ថែមទៀត ដល់សាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនៃពិធីប្រគល់-ទទួលសម្ភារទាំងនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំសួរសុខទុក្ខ ក្តីនឹករលឹក និងការកោតសរសើរចំពោះសកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជា ទាំង ២៥រាជធានី-ខេត្ត ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈ ការអប់រំផ្សព្វផ្សាយតាមផ្ទះ, ប្រជុំក្រុមតូច, ចែកបណ្ណផ្សព្វផ្សាយ, បិទផ្ទាំងរូបភាពតាមទីសាធារណៈ, ចាក់ផ្សាយសារគន្លឹះតាមឧគ្ឃោសនសព្ទ, បញ្ជ្រាបសារគន្លឹះស្តីពីការបង្ការជំងឺកូវីដ-១៩ និងការចំណាកស្រុកដោយសុវត្ថិភាព។ល។

សូមបញ្ជាក់ថា សាខានីមួយៗទទួលបាន ម៉ាស់ចំនួន ១ម៉ឺនម៉ាស់, បណ្ណប្រកាស “៣ការពារ ៣កុំ ២ចូលរួម” ចំនួន ៥០០សន្លឹក, បណ្ណប្រកាស “រស់នៅធម្មតា តាមបែបគន្លងថ្មី” ចំនួន ៥០០សន្លឹក។

គួររំលឹកថា កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១កន្លងទៅ ទីស្នាក់ការកណ្តាលបានបែងចែកជូន សាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្ត ចំនួន២០ ដែលប៉ះពាល់ដោយ “ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ” និងមានជំងឺកូវីដ-១៩ ទទួលបានបណ្ណប្រកាសប្រភេទនីមួយៗចាប់ពី ១ពាន់ ដល់ ៣ពាន់សន្លឹក ក្នុងមួយសាខាៗ។ ដោយឡែក ខេត្តចំនួន៥ ដែលពុំមានករណីជំងឺកូវីដ-១៩ ទទួលបានបណ្ណប្រកាសប្រភេទនីមួយៗចំនួន ១ពាន់សន្លឹក ក្នុងមួយសាខាៗ៕

         

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print