កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ ប្រភពព័ត៌មានជប៉ុនបានផ្សព្វផ្សាយថា រដ្ឋាភិបាលជប៉ុនបានយល់ព្រមទទួលយកការសម្រេចរបស់តុលាការ ហើយបានផ្អាកការងារសាងសង់បន្ទាយយោធាអាមេរិកនៅលើដែនកោះអូគីណាវ៉ា (Okinawa) ព្រមទាំងយល់ព្រមពិភាក្សាជាមួយអាជ្ញាធរក្នុងតំបន់ និងប្រជាពលរដ្ឋផងដែរ ដែលមានបំណងចង់ឲ្យគម្រោងការសាងសង់បន្ទាយយោធានោះ មានទីតាំងផ្សេងក្រៅពីដែនកោះអូគីណាវ៉ានោះ ។
រដ្ឋាភិបាលទីក្រុងតូក្យូ និងអាជ្ញាធរ ប្រជាពលរដ្ឋ ស្ថិតនៅដែនកោះអូគីណាវ៉ាភាគខាងត្បូង មានការខ្វែងគំនិតគ្នាយ៉ាងស្រួចស្រាវចំពោះគម្រោងការសាងសង់បន្ទាយយោធាអាមេរិកនៅទីនេះ ។ រដ្ឋាភិបាលចង់ឲ្យបន្ទាយយោធាស្ថិតនៅទីកន្លែងដែលពុំសូវមានមនុស្សរស់នៅ ប៉ុន្តែអ្នកគ្រប់គ្រងដែនកោះអូគីណាវ៉ា មិនចង់ឲ្យមានបន្ទាយយោធាបោះទីតាំងនៅទីនោះឡើយ ។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ កាលពីពេលមុនកន្លងមកបានផ្អាកសកម្មភាពសាងសង់បន្ទាយយោធា ដើម្បីទុកឱកាសដល់ការពិភាក្សាគ្នាជាមួយអាជ្ញាធរលើដែនកោះ ដែលមានលោក Takeshi Onaga ជាប្រមុខ ប៉ុន្តែ ទោះបីយ៉ាងណា ការពិភាក្សាគ្នាម្តងជាពីរដង នៅតែរកច្រកចេញមិនរួច ។
រដ្ឋាភិបាលបានបញ្ជាក់ គោលជំហររបស់រដ្ឋាភិបាលនៅក្នុងការផ្លាស់ប្តូរបន្ទាយយោធាពីទីតាំង Futenma ទៅកាន់ដែនកោះអូគីណាវ៉ានោះ គឺនៅដដែលទេ គ្មានការផ្លាស់ប្តូរឡើយ ។ ប៉ុន្តែទោះបីយ៉ាងណា រដ្ឋាភិបាលផ្តល់ឱកាសម្តងទៀត ដោយការផ្អាកសកម្មភាពសាងសង់ និងទុកឱកាសឲ្យមានការពិភាក្សាគ្នាបន្តទៀតដើម្បីឆ្ពោះទៅរកការជោគជ័យ ។
នាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ បានថ្លែងថា រដ្ឋាភិបាលគ្មានជម្រើសណាផ្សេងក្រៅពីនេះឡើយ ហើយប្រសិនបើការពិភាក្សាទទួលបានចំណុចវិជ្ជមាននោះ បន្ទាយយោធានេះនឹងកើតឡើងក្នុងឆ្នាំងខាងមុខ ។
អាមេរិក និងជប៉ុន បានព្រមព្រៀងគ្នាក្នុងឆ្នាំ១៩៩៦ បិទបន្ទាយយោធាស្ថិតនៅ Futenma នោះ ហើយរុះរើទៅដាក់នៅកន្លែងណាក៏បាន ឲ្យតែស្ថិតនៅក្នុងដែនកោះអូគីណាវ៉ា ។ ប៉ុន្តែទោះបីយ៉ាងណា គម្រោងការនេះទទួលរងការប្រឆាំងតវ៉ាយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋរស់នៅលើដែនកោះអូគីណាវ៉ាតែម្តង ។ ពលរដ្ឋមានការភ័យខ្លាចពីបទឧក្រិដ្ឋកម្ម ការបំពុលបរិយាកាស និងសំឡេងលាន់ឮកងរំពង នៅពេលដែលមានវត្តមានបន្ទាយយោធានៅលើដែនកោះអូគីណាវ៉ានោះ ៕