ភ្នំពេញ៖ បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញ រកឃើញអាជីវករជាច្រើនរូប រួមទាំងសន្តិសុខនៅផ្សារអូរឫស្សីមានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី៣ ខែមេសា។ ភ្លាមៗ រដ្ឋបាលសាលារាជធានីភ្នំពេញ បានសម្រេចបិទផ្សារអូរឫស្សី រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ខែមេសា រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានគេសង្កេតឃើញថា ស្ថានភាពនៅជុំវិញផ្សារអូរឫស្សីមានសភាពស្ងាត់ជ្រងំ ។
ជាក់ស្ដែងនាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ ដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោក លឹម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ ដោយចុះសហការជាមួយគណៈកម្មការផ្សារអូរឬស្សី ដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានធ្វើការបាញ់ទឹកលាងសម្អាតបរិវេណជុំវិញផ្សារ និងបាញ់ថ្នាំសម្លាប់មេរោគតាមតូបលក់ដូរនីមួយៗ របស់អាជីវករក្នុងផ្សារអូរឬស្សីទាំងមូល ។
បេីតាមទិដ្ឋភាពជា់ស្ដែង ជាការកត់សម្គាល់យេីងសង្កេតឃើញថា ផ្លូវធ្វើដំណើរទាំងឡាយជុំវិញផ្សារអូរឬស្សី ក៏ត្រូវបានបិទហាមមិនអនុញ្ញាតិ ឲ្យអ្នកគ្មានភារៈកិច្ចចេញ-ចូលរហេតរហូតដែរ ចៀសវាងការប៉ះពាល់នូវជំងឺរាតត្បាតកូវីដ១៩ ។
ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ រដ្ឋបាលសាលារាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យបងប្អូនដែលបានចេញ-ចូលផ្សារអូរឫស្សី ឬក៏បងប្អូនដែលបានប្រាស្រ័យទាក់ទងជាមួយអាជីវករ និងសន្តិសុខនៅផ្សារអូរឫស្សីដែលមានផ្ទុកវិជ្ជមានកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»នេះ សូមអញ្ជើញរួសរាន់ទៅធ្វើតេស្ត ដើម្បីយកសំណាក់រកមើលកូវីដ១៩ ដែលស្ថិតនៅតាមទីតាំង ដែលបានកំណត់ ក្នុងនោះ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រៃ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថៃ្ង។
ក្នុងករណីដែល បងប្អូនមានបញ្ហាសុខភាព ដូចជាក្អក ផ្តាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្ត ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
តោះសូមមកមើលទិដ្ឋភាពជាក់ស្ដែងទាំងអស់គ្នាពីស្ថានភាពជុំវិញផ្សារអូរឫស្សីនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ មានដូចខាងក្រោម ៖
https://youtu.be/rrrDn5_9aRE