ខេត្តមណ្ឌលគិរី ៖ ជាលើកដំបូង និងជាលើកទី១ នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីត១៩ ដែលមន្រ្តីរាជការ មន្រ្តីឧទ្យានុរក្ស និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានមកទទួលនិងចាក់បង្ការ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ដើម្បីការពារពីការឆ្លងរាលដាលជំងឺកូវីត១៩។
មន្ត្រីរាជការទាំងអស់នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានសម្ដែងភាពរីករាយដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នាថ្ងៃនេះ ហើយបានថ្លែងសារគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែង និងស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ។
មន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏សូមសម្ដែងគារវកិច្ច និងសូមថ្លែងអំណរគុណដល់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងសុខទុក្ខរបស់មន្រ្តីរាជការ និងប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល ដែលបានបំពេញបេសកកម្មចាក់វ៉ាក់សាំងបង្ការជំងឺកូវីត១៩នេះជូនមន្រ្តីរាជការ។
ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏បានផ្ដល់ជាទឹកបរិសុទ្ធចំនួន១០កេស ដើម្បីឲ្យក្រុមគ្រូពេទ្យទុកពិសាផងដែរ៕
ដោយ៖ សូរិយា