ភ្នំពេញ, ដោយសារយើងទាំងអស់គ្នាត្រូវចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងអនុវត្តវិធានសុខាភិបាល ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការជួបជុំណាមួយមិនទាន់អាចធ្វើទៅបាននៅឡើយនោះទេ។ នេះជាការថ្លែងរបស់លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។ លោកបន្តថា, ទោះជាមិនបានជួបអ៊ុំ ពូមីង បងៗផ្ទាល់ ខ្ញុំសូមផ្ញើនូវសេចក្តីនឹករឭកតាមរយៈលិខិតមួយច្បាប់ជូនចំពោះ អ៊ុំ ពូមីង បងៗ សមាជិក សមាជិកា ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ ដែលជាសមាជិក សមាជិកានៃមហាក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺក្នុងឱកាសនៃការជិតឈានចូលមកដល់នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ខ្ញុំសូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូនអ៊ុំ ពូមីង បងៗ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន ទទួលជោគជ័យគ្រប់ភារកិច្ច និងជៀសផុតពីជំងឺទាំងឡាយទាំងពួង។
ក្នុងកាលៈទេសៈនេះ ក្រៅពីការបំពេញការងារដើម្បីធានានិរន្តរភាពជូនរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការបំពេញការងារជូនគណបក្ស សូមអ៊ុំ ពូ មីង បងៗទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ព្រមទាំងការពារខ្លួន និងក្រុមគ្រួសារកុំឱ្យឆ្លងនូវជំងឺដ៏កាចសាហាវនេះ។
សូមអ៊ុំ ពូ មីង បងៗ ជឿជាក់លើការសម្រេច និងការដឹកនាំរបស់សម្តេចតេជោប្រធានគណបក្ស ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់មន្រ្តីបក្សយើង និងប្រជាពលរដ្ឋយើង ពិសេសមិនទុកឱ្យប្រជាពលរដ្ឋណាមួយស្លាប់ដោយអត់បាយដោយគ្មានការយកចិត្តទុកដាក់នោះទេ៕
ដោយ, សុខ ខេមរា