ភ្នំពេញ, លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ បានចាត់តាំងក្រុមការងារមន្ទីរសុខាភិបាល ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងផ្សារបឹងកុក ក្រុងកំពង់ចាម ខណៈសេវាកម្ម អាជីវកម្មពេលរាត្រី ត្រូវបិទទ្វារចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ដោយឡែករម្មណីយដ្ឋានទេសចរណ៍ទាំងអស់ក្នុងខេត្តកំពង់ចាម ត្រូវផ្អាកសកម្មភាព ដែលជាការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ។
គួរបញ្ជាក់ថា រដ្ឋបាលខេត្ត កំពង់ចាម បានសម្រេចផ្អាកជាបណ្តោះអាសន្នរយៈពេល២ សប្ដាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នូវទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃ និងសកម្មភាពអាជីវកម្មពេលរាត្រី រួមមានភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ម៉ាត ទីសាធារណៈនានាដែលមានសភាពអ៊ូអរ និងមានមនុស្សជួបជុំក្នុងចំនួនច្រើនជាដើម។ ប៉ុន្តែត្រូវបានលើកលែងនូវការជួបជុំជាលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅដ្ឋានជាមួយគ្នា ៕
ដោយ, សហការី