ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន មិនប្រយ័ត្នទៅបុកគូទគោយន្តកន្ត្រៃពេញទំហឹង ធ្វើឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ហើយក្រោយកើតហេតុជនរងគ្រោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៨ៈ៣០នាទីល្ងាច ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះតាបុល លើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
បើតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់ជ្រៃបានឲ្យដឹងថា: ជនរងគ្រោះឈ្មោះឡាម ឡុំ ភេទប្រុស អាយុ១៧ឆ្នាំ ជាកសិករ រស់នៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ បើកបរម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខព្រះវិហា1A-4898 ក្នុងទិសដៅពីលិចទៅកើតដោយប្រើល្បឿនលឿនបានជ្រុលទៅបុកគោយន្តកន្ត្រៃពីក្រោយដែលកំពុងបើកក្នុងទិសដៅស្របគ្នាបណ្តាលឱ្យជនរងគ្រោះដែលជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់សន្លប់នៅនិឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍បានខលរាយការណ៍ទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសុំរថយន្តមកដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យខេត្តសង្គ្រោះភ្លាមៗផងដែរ។
តាមរបាយការណ៍នគរបាលប៉ុស្តិ៍ឱ្យដឹងថា ម្ចាស់គោយន្តឈ្មោះសៀត សារ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិ
វ៉ាត់ ជាអ្នកបើកបរគោយន្តកន្ត្រៃពណ៌ក្រហម មិនមានគ្រោះថ្នាក់អ្វីឡើយ។
ចំណែកម៉ូតូនិងគោយន្តកន្ត្រៃទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលដើម្បីដោះស្រាយជូនពលរដ្ឋតាមនីតិវិធីនៅពេលក្រោយ។
មន្ត្រីនគរបាលក៏បានបញ្ជាក់ផងដែរថា
កក្តាដែលបង្កឱ្យមានគ្រោះថា្នក់បែបនេះគឺ
បណ្តាលមកពីអ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿនមិនប្រយ័ត្ន ចំណែកគោយន្តកន្ត្រៃពុំមានដាក់ចំណាំងផ្លាតដើម្បីជាសញ្ញាសម្គាល់ឲ្យអ្នកបើកបរពីក្រោយ បានឃើញផងនោះទេ៕