លោករដ្ឋមន្រ្តី វេង សាខុន ទទួលជួបលោកស្រី KAMEI Haruko នាយិកាអង្គការ JICA ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ, នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩ព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ លោករដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី KAMEI Haruko នាយិកាអង្គការ JICA ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា និងក្រុមការងារបច្ចេកទេសរបស់គម្រោងដើម្បីពិនិត្យ និងវាយតម្លៃរួមលើវឌ្ឍនភាពនៃការអនុវត្តគម្រោងសម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២១។

លោករដ្ឋមន្ត្រីបានសម្តែងនូវមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកស្រីនាយិកា និងសមាជិកក្រុមការងារបច្ចេកទេស ដែលបានខិតខំបំពេញ ការងារយ៉ាងស្វិតស្វាញសម្រេចបានលទ្ធផលដែលយើងនឹងពិនិត្យ និងវាយតម្លៃរួមគ្នាក្នុងពេលបន្តិចទៀតនេះ។ សកម្មភាពនេះបាន បង្ហាញពីការចូលរួមទទួលខុសត្រូវលើការអនុវត្តគម្រោងដែលទទួលបានការជួយឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ធានាបាននូវសន្តិសុខស្បៀង បង្កើតឱកាសការងារ និងកំណើនប្រាក់ចំណូលក្នុងគ្រួសារ។

កិច្ចប្រជុំបានដំណើរការតាមកម្មវិធី ដោយបានលើកយកលទ្ធផលរបស់គម្រោងនីមួយៗ និងបញ្ហាសំខាន់ៗមកពិនិត្យ វាយតម្លៃ និងពិភាក្សា ផ្តល់ធាតុចូលសំខាន់ៗក្នុងន័យធ្វើយ៉ាងណាឲ្យសកម្មភាពរបស់គម្រោងរក្សាបាននូវនិរន្តរភាព ជោគជ័យ ស្របទៅតាមបរិបទនៃស្ថានភាពបច្ចុប្បន្ន។ លទ្ធផលគម្រោងដែលលើកយកមកបង្ហាញ និងពិភាក្សាមាន ៖
១- Rice Seed Production and Promotion.
២- Capacity Buildig for Pesticide Residue Analysis in Agricultural Produce.
៣- Development and Dissemination of Sustainable Production System Based on Invasive Pest Management of Cassava.

បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញដោយសង្ខេបអំពីលទ្ធផលរបស់គម្រោងទាំង៣ ដោយមន្រ្តីជំនាញ JICA រួចមក អង្គប្រជុំបានពិភាក្សា ចោទសួរ និងផ្តល់យោបល់ទាក់ទងនឹងដំណើរការនៃការអនុវត្តគម្រោង វឌ្ឍនភាពដែលយើងទទួលបាននាពេលនេះ រួមទាំងបញ្ហានានាដែលត្រូវរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមស្ថានភាពជាក់ស្តែងដែលយើងកំពុងប្រឈមនាពេលនេះ។ តាមការបង្ហាញរបស់មន្រ្តីអនុវត្តគម្រោង ឃើញថាលទ្ធផលសំខាន់ៗដែលគម្រោងទទួលបានគឺ៖
– គម្រោងបានរៀបចំប្រព័ន្ធវាយតម្លៃ និងបញ្ជាក់គុណភាពគ្រាប់ពូជស្រូវ (QDS: Quality Declared Seed System) និងបានបញ្ជូនទៅអគ្គនាយកដ្ឋានកសិកម្មដើម្បីពិនិត្យ និងសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការលើកដំបូងនៅប្រទេសកម្ពុជា ហើយប្រព័ន្ធនេះបានសាកល្បងអនុវត្តរួចហើយនៅខេត្តព្រៃវែង តាកែវ និងខេត្តមួយចំនួនទៀត។
– បានបង្កើនការយល់ដឹងអំពីការប្រើប្រាស់ គ្រោះថ្នាក់ ការវិភាគ និងការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិតចង្រៃ ព្រមទាំងការយល់ដឹងអំពីបច្ចេកទេស និងច្បាប់ពាក់ព័ន្ធដែលមានជាធរមាន។
– បានអភិវឌ្ឍប្រព័ន្ធផលិតកម្មពូជដំឡូងមី និងអភិរក្សពូជតាមរយ:ការបណ្តុះជាលិកានៅមន្ទីរពិសោធន៍ សុខភាពពូជ សត្វល្អិត និងជំងឺឆ្លង។ល។
– ជួយលើកកម្ពស់សមត្ថភាពយល់ដឹងអំពីខ្សែច្រវាក់តម្លៃផលិតកម្មវារីវប្បកម្ម ធ្វើឲ្យប្រសើរឡើងលើការបញ្ជាក់វិញ្ញាបនបត្រគុណភាពផលិតផលត្រី ដូចជា Cam-GAP និង Cam-ORG។

លោករដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រចំពោះលទ្ធផលដែលក្រុមការងារសម្រេចបាន និងលើកទឹកចិត្តដល់ក្រុមការងារឲ្យបន្តខិតខំបន្ថែមទៀត ធ្វើយ៉ាងណាឲ្យគម្រោងមានឥទ្ធិពលកាន់ តែទូលំទូលាយដល់ថ្នាក់មូលដ្ឋាន ជាពិសេសវារីវប្បករ កសិករ និងសមាគមន៍កសិកម្មផលិតពូជស្រូវ ដំឡូងមី ទទួលយកទៅអនុវត្តបានល្អប្រសើរ ប្រយោជន៍ចូលរួមលើកកម្ពស់ផលិតភាព ផលិតកម្មពូជ វារីវប្បកម្ម ធានាបានគុណភាព និងសុវត្ថិភាព។ ព្រមជាមួយគ្នា លោករដ្ឋមន្ត្រី បានស្នើឲ្យ JICA ពិនិត្យលទ្ធភាពជួយដល់ប្រព័ន្ធខ្សែច្រវាក់រក្សាផលត្រី និងបន្លែក្នុងទូត្រជាក់ ដើម្បីរក្សាទុកផលិតផលបានយូ ជាពិសេសជួយដល់សមាគមន៍ផលិតបន្លែ ឬបណ្តុំអាជីវកម្មបន្លែ និងត្រីនៅខេត្តគោលដៅរបស់គម្រោង៕

...

ដោយ , សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print