អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល ថ្លែងអំណរគុណសម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានគិតគូរផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនទាំងអស់ នៅក្នុងខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១  នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល។

មានប្រសាសន៍នាក្នុងឱកាសចុះពិនិត្យនេះដែរ លោកនាយឧត្តមសេនីយ៍ គន់ គីម បានណែនាំដល់ក្រុមគ្រូពេទ្យ និងអ្នកចូលរួមទាំងអស់ត្រូវយកចិត្តទុកដាក់ចាក់វ៉ាក់សាំងជូនដល់អតីតយុទ្ធជន ត្រូវអនុវត្តនូវវិធានការការពារជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល ដែលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានថ្លែងអំណរគុណដល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជន ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ គឺជាការស្ម័គ្រចិត្តរបស់អតីតយុទ្ធជនកម្ពុជាទាំងអស់ ដើម្បីការពារខ្លួនឯងពីជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ ក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសផងដែរ។

លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានឱ្យដឹងថា ទូទាំងខេត្តកណ្ដាលមានអតីតយុទ្ធជន និងសមាជិកអតីតយុទ្ធជនចំនួន២៦៥១នាក់ ដែលយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំងខេត្តនឹងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែមេសានេះ។ ដោយឡែកអតីតយុទ្ធជនកម្ពុជា ក្រុងតាខ្មៅ ដែលត្រូវបានអញ្ជើញមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល មានចំនួន ៤៦០ នាក់៕

...

ដោយ៖  ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print