គណបក្សកាន់អំណាចរបស់ប្រធានាធិបតី មូន ជេអីុន បានបាត់បង់ការគាំទ្រយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតជ្រើសរើសអភិបាលក្រុងសេអ៊ូលនិងប៊ូសាន ដែលជាទីក្រុងធំបំផុតរបស់កូរ៉េខាងត្បូង ។
គណបក្សប្រឆាំង គឺគណបក្សអំណាចប្រជាជន PPP ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនៅទីក្រុងសេអ៊ូលនិងប៊ូសាន ។ អតីតអភិបាលក្រុងសេអ៊ូលនិងប៊ូសាន មកពីគណបក្សប្រជាធិបតេយ្យរងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទក្នុងពេលកាន់អំណាច ។
នៅទីក្រុងប៊ូសាន អភិបាលក្រុង On Keo Don បានលាលែងចេញពីតំណែងតាំងពីឆ្នាំ២០២០ ក្រោយពេលស្ត្រីម្នាក់ធ្វើការនៅក្នុងរដ្ឋបាលក្រុងនេះចោទប្រកាន់លោក រំលោភបំពានផ្លូវភេទនៅក្នុងការិយាល័យរបស់លោកតែម្តង ។ ចំណែកអភិបាលក្រុងសេអ៊ូល លោក Park Won-soon ជាបុគ្គលត្រូវបានគេចាត់ទុកថាជាបេក្ខភាពប្រធានាធិបតីដែលលេចធ្លោជាងគេសម្រាប់ជំនួសលោក មូន ជេអុីន ក៏រងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទផងដែរ ពីលេខារបស់លោកផ្ទាល់។
តាមសារព័ត៌មាន BBC បានផ្សាយថា ការបោះឆ្នោតអភិបាលក្រុង គឺជារង្វាស់ដ៏សំខាន់សម្រាប់ការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងនៅឆ្នាំ ២០២២។ ពេលនេះពលរដ្ឋរាប់សិបលាននាក់បានទៅបោះឆ្នោតជ្រើសរើសអភិបាលក្រុងធំបំផុតទាំងពីរ។
ការបរាជ័យរបស់គណបក្សកាន់អំណាចបានបង្ហាញយ៉ាងច្បាស់ថា គណបក្សរបស់លោកប្រធានាធិបតីមូន ជេអុីនបាត់បង់ការគាំទ្រយ៉ាងខ្លាំង ក្នុងពេលប៉ុន្មានខែចុងក្រោយនេះ ។ ការធ្លាក់ចុះដោយសារតែរឿងអាស្រូវរំលោភផ្លូវភេទ តម្លៃផ្ទះឡើងថ្លៃ និងខ្វះតម្លាភាពនៅក្នុងសង្គម៕ ដោយ សាធី
រូបភាព៖ Kyodo