ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានសេចក្ដីជូនដំណឹង បង្ហាញពីយន្ដការស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តសម្រាប់ជនបរទេស នៅប្រទេសកម្ពុជា។
នៅក្នុងលិខិតរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដើម្បីឲ្យកិច្ចដំណើរការរៀបចំចាក់វ៉ាក់សាំងជូនជនបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជា ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងទាន់ពេលវេលា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានរៀបចំយន្តការ ក្នុងការស្នើសុំចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ជូនដល់ជនបរទេសដែលកំពុងរស់នៅ ឬកំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជា ដែលមិនស្ថិតនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការទ្វេភាគី ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ស្ថានទូតនៅកម្ពុជា ឬអង្គការស្របច្បាប់ក្នុងស្រុក (ដែលមានការសម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ) មានដូចខាងក្រោម៖
ក៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលខុសត្រូវរៀបចំបញ្ជីឈ្មោះជនបរទេស ដែលកាន់ទិដ្ឋាការធម្មតាប្រភេទ (E) ហើយដែលមានប័ណ្ណការងារ (work permits) ចេញដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជា រួមមាន៖ វិនិយោគិន ធុរជន ពលករជំនាញ សិល្បករ គ្រូពេទ្យ គ្រូបង្រៀន កីឡាករ ទីប្រឹក្សានានា អ្នកជំនាញការបរទេស។ល។
ឯកសារតម្រូវ សម្រាប់ស្នើសុំចាក់វ៉ាក់សាំង៖
*១៖ លិខិតឆ្លងដែនមានសុពលភាព
*២៖ ទិដ្ឋាការដែលមានសុពលភាព
*៣៖ ប័ណ្ណការងារ (workpermits) ដែលចេញដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជនបរទេសក្នុងប្រភេទ (ក) ដែលបានស្នើសុំចាក់វ៉ាក់សាំង នឹងទទួលបានការជូនព័ត៌មានចាក់វ៉ាក់សាំងជាមុន ដែលការចាក់អាច ស្របពេលជាមួយនឹង មន្ត្រី-បុគ្គលិក និងកម្មករ នៅតាមក្រសួង ស្ថាប័ន រោងចក្រ ក្រុមហ៊ុន ឬទីកន្លែងសមស្របតាមកម្មវិធីចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាល។
ខ៖ អាជ្ញាធរមូលដ្ឋាន រាជធានី ខេត្ត ក្រុងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាអ្នកទទួលខុសត្រូវរៀបចំបញ្ជីឈ្មោះជនបរទេសផ្សេងទៀត ដែលមិនស្ថិតក្នុង ប្រភេទ (ក) រួមមាន៖ ពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនបរទេស (មានទិដ្ឋាការពិសេសប្រភេទ K) ជនបរទេសដែលបានរៀបការ ជាមួយពលរដ្ឋខ្មែរ ជនបរទេសចូលនិវត្តន៍ជនបរទេសស្នាក់នៅស្របច្បាប់ រយៈពេលវែង ។ល។
ឯកសារតម្រូវសម្រាប់ចុះឈ្មោះចាក់វ៉ាក់សាំង៖
*១៖ លិខិតឆ្លងដែនមានសុពលភាព
*២៖ ទិដ្ឋាការដែលមានសុពលភាព
ជនបរទេសក្នុងប្រភេទ (ខ) នឹងទទួលការចាក់វ៉ាក់សាំង ស្របពេលជាំមួយនឹងពលរដ្ឋខ្មែរ នៅតាមទីកន្លែងសមស្រប តាមកម្មវិធីចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាល៕ដោយ៖សហការី
នៅខាងក្រោមនេះ មានសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលទាំងស្រុង៖