ខេត្តស្វាយរៀង៖ យោងតាមចំណាត់ការរបស់បទបញ្ជារាជរដ្ឋាភិបាលកម្ពុជាបន្ទាន់ ដើម្បីសុវត្ថិភាពរបស់ប្រទេសជាតិ និងជីវិតរបស់ប្រជាជនកម្ពុជា កម្លាំងចម្រុះក្នុងមូលដ្ឋានខេត្តស្វាយរៀង បានចាត់វិធានការដាក់បារាសត្រង់ព្រំប្រទល់រវាងខេត្ត និឹងខេត្តចំនួន២៦គោលដៅមិនឱ្យធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រនៃខេត្តមួយទៅភូមិសាស្ត្រនៃខេត្តមួយទៀត ក្នុងនោះរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសក៏ត្រូវបិទជាបណ្តោះអាសន្នដែរ។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា ការរៀបចំកម្លាំងចម្រុះហាមឃាត់ការធ្វើដំណើរឆ្លងកាត់រវាងខេត្តស្វាយរៀង និឹងខេត្តព្រៃវែងមានចំនួន២៦គោលដៅ ដោយប្រើប្រាស់កម្លាំងចម្រុះសរុបរួម ១៧៩នាក់ក្នុងនោះកម្លាំងនគរបាលស្រុកចំនួន ៧១នាក់ និងកងរាជអាវុធហត្ថស្រុក៩នាក់ យោធាស្រុកចំនួន១៦នាក់ ព្រមទាំងកម្លាំងប្រជាការពារចំនួន ៨៣នាក់ផងដែរ។
ទីតាំងគោលដៅទាំងនោះរួមមាន៖ ស្រុករមាសហែក មានព្រំប្រទល់ជាប់ស្រុកមេសាង ស្រុកកំចាយមារ ខេត្តព្រៃវែង មានចំនួន១៩គោលដៅដោយប្រើប្រាស់ កម្លាំងចម្រុះសរុប១១៦នាក់ ដឹកនាំដោយវរសេនីយ៍ឯក យិន សុខ ស្នងការរងនគរបាលខេត្ត ក្នុងនោះកម្លាំងនគរបាលស្រុកចំនួន៣២នាក់ កម្លាំងកងរាជអាវុធហត្ថស្រុក៤នាក់ កម្លាំងយោធាស្រុកចំនួន៦នាក់ កម្លាំងប្រជាការពារចំនួន៧៤នាក់។
ស្រុកស្វាយជ្រំ មានព្រំប្រទល់ជាប់ស្រុកកំពង់ត្របែក ស្រុកមេសាង ខេត្តព្រៃវែង មានចំនួន៧គោលដៅ ដោយប្រើប្រាស់កម្លាំងចម្រុះសរុប៦៣នាក់ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងនគរបាលខេត្ត ក្នុងនោះកម្លាំងនគរបាលស្រុកចំនួន៣៩នាក់ កម្លាំងកងរាជអាវុធហត្ថស្រុក៥នាក់ កម្លាំងយោធាស្រុកចំនួន១០នាក់ និងប្រជាការពារចំនួន៩នាក់។
សូមបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ -១៩នៅខេត្តស្វាយរៀងមិនទាន់ថមថយនៅឡើយទេគឺនៅតែមានអ្នកឆ្លងជំងឺនេះ ជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី៨ ខែមេសានេះមានអ្នកឆ្លងជំងឺ កូវីដ-១៩ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈចំនួន១២៩នាក់ហើយ អាជ្ញាធរបានដាក់មន្ទីរពេទ្យចំនួន៣ សម្រាប់ព្យាបាលជំងឺកូវីដ១៩ មានមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ មន្ទីពេទ្យសាមគ្គីរំដួលស្រុករំដួល និងមន្ទីរពេទ្យនៅក្នុងតំបន់កាស៊ីណូម៉ុកបាយ ក្រុងបាវិតផងដែរ៕
ដោយ៖ យឹម សុថាន