បទវិចារណកថា ៖ សូមមេត្តាយោគយល់ និងជួយសម្រាលបន្ទុករាជរដ្ឋាភិបាល

ចែករំលែក៖

ថ្មីៗនេះអ្នកដែលបានត្អូញត្អែរតាមបណ្តាញសង្គមនានាអំពីការដែលរាជរដ្ឋាភិបាលមិនបានបញ្ចុះថ្លៃទឹក ថ្លៃភ្លើង និងថ្លៃប្រេងឥន្ធនៈ ក៏ដូចជាការលើកឡើងពីការសុំជំនួយពីរដ្ឋ ទាក់ទងនឹងការបង់ប្រាក់នៅធនាគារគឺមានកាន់តែច្រើន ប៉ុន្តែនៅក្នុងស្ថានភាពដ៏លំបាកនេះ តើបងប្អូនមានដឹងទេថារាជរដ្ឋាភិបាលត្រូវរងបន្ទុក និងការលំបាកលើសពីបងប្អូនកម្រិតណានោះទេ? ដូច្នេះសូមមេត្តាយោគយល់ និងខំតស៊ូជំនះនូវស្ថានភាពដ៏លំបាកនេះទាំងអស់គ្នា។

នៅក្នុងរយៈពេលជាងមួយឆ្នាំ ដែលមេរោគកូវីដ១៩ បានទន្ទ្រានចូលមកកម្ពុជានិងវាយលុកនៅទូទាំងពិភពលោក វាបានធ្វើឱ្យរាជរដ្ឋាភិបាល ជួបប្រទះនូវការលំបាកជាច្រើន លើសពីអ្វីដែលបងប្អូនម្នាក់ៗកំពុងតែប្រឈមនាពេលបច្ចុប្បន្ននេះរាប់សិបដង ។ បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ បុគ្គលិកអង្គការសង្គមស៊ីវិលកម្មករ-និយោជិត រោងចក្រ-សហគ្រាស និងអ្នកប្រកបរបរចិញ្ចឹមជីវិតឯទៀតពិតជាប្រឈមមុខនឹងការបាត់បង់ការងារធ្វើ  ខាតបង់មុខរបររកស៊ីទទួលទានចិញ្ចឹមជីវិត ការបាត់បង់ប្រាក់ចំណូលប្រចាំគ្រួសារ ដែលនាំឱ្យជីវភាពគ្រួសារធ្លាក់ចុះ គឺជារឿងពិតដែលគ្មាននរណាម្នាក់អាចប្រកែកបានឡើយ ហើយរាជរដ្ឋាភិបាល លោកបានដឹង និងជ្រាបអំពីការលំបាករបស់បងប្អូន ទើបបានដាក់ចេញនូវគោលនយោបាយ និងកម្មវិធីថ្នាក់ជាតិជាបន្តបន្ទាប់ដើម្បីឆ្លើយតបនឹងបញ្ហាទាំងនេះ ដោយមានទាំងការប្រកាសការលើកលែងពន្ធមួយចំនួន ដល់រោងចក្រ-សហគ្រាស សណ្ឋាគារ និងបណ្តាក្រុមហ៊ុននានា ដែលបានទទួលរងគ្រោះដោយសារវិបត្តិជាសកលនេះ ការប្រកាសកម្មវិធីឧបត្ថម្ភជាសាច់ប្រាក់ជូនដល់អ្នកក្រីក្រ (គិតតាំងពីពេលចាប់ផ្តើមអនុវត្តក្នុងខែមេសា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ រដ្ឋបានចំណាយថវិកាអស់ជាង ២៦០លានដុល្លារហើយ) ការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ-និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ (ដែលមកដល់ពេលនេះបានចំនួន ៥៧លើកហើយ) ការចំណាយលើការទូទាត់ថ្លៃសម្ភារ និងបរិក្ខារ រួមទាំងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ការស្វែងរកវ៉ាក់សាំង ការព្យាបាលអ្នកជំងឺ និងការយកចិត្តទុកដាក់លើអ្នកដែលត្រូវធ្វើចត្តាឡីស័ក ដែលមកដល់ពេលនេះ គឺមានការកើនឡើងជាបន្តបន្ទាប់ប៉ុន្តែផ្ទុយទៅវិញ ចំណូលថ្នាក់ជាតិក៏កំពុងតែផិតផើយ ខណៈដែលវិស័យទេសចរណ៍ ដែលជាប្រភពចំណូលសម្រាប់ជាតិ និងប្រជាពលរដ្ឋដ៏សម្បើមមួយនោះ គឺកំពុងតែប្រឈមមុខនឹងការធ្លាក់ចុះចំណូលសឹងតែ ១០០ ភាគរយហើយចំណូលពន្ធដារ និងចំណូលពន្ធគយ ដែលជាស្នូលនៃប្រាក់ចំណូលរបស់រដ្ឋ ក៏នៅក្នុងស្ថានភាពមួយដែលកំពុងតែទប់ទល់ ដូច្នេះសូមបងប្អូនជ្រាប និងយោគយល់នៅក្នុងបរិបទនៃវិបត្តិសកលលោកនាពេលបច្ចុប្បន្ននេះ ។

បងប្អូនពិតជាលំបាក ប៉ុន្តែនៅក្នុងចំណោមអ្នកដែលលំបាក ហើយនឹងអ្នកដែលត្អូញត្អែរទាំងនោះ មួយចំនួនធំ គឺនៅតែមានជីវិតនៅក្នុងស្ថានភាពមួយដែលប្រសើរនៅឡើយទេ ដោយអ្នកខ្លះរស់នៅក្នុងជីវភាពមួយ ដែលមានគេហដ្ឋានបំពាក់ដោយប្រព័ន្ធម៉ាស៊ីនត្រជាក់ មានប្រព័ន្ធទឹកក្តៅទឹកត្រជាក់ លើសពីសមរម្យទៅទៀត ។ អ្នកខ្លះទៀត ក្រៅពីមានជីវភាពដ៏ប្រណិតទាំងនោះហើយក៏នៅមានយានយន្តទំនើបៗប្រើប្រាស់ទៅទៀត ប៉ុន្តែនៅតែត្អូញត្អែរ មិនចេះចប់ មិនចេះហើយ ។

កន្លងមកបងប្អូនដែលបានជួបប្រទះនូវជីវភាពដ៏លំបាកមែនទែននោះ គឺរាជរដ្ឋាភិបាលលោកបានពិនិត្យ និងបានដាក់ចេញ ព្រមទាំងអនុវត្តនូវគោលនយោបាយមួយចំនួនជាបន្តបន្ទាប់រួចរាល់ហើយដែរ ដូចនេះ ចំពោះអ្នកដែលមិនទាន់ដល់ស្ថានភាពលំបាកពិតប្រាកដ  សូមចូលរួមជាមួយនឹងរាជរដ្ឋាភិបាល   ហើយតស៊ូ និងព្យាយាមរក្សាជីវភាពមួយតាមគន្លងថ្មី នៅក្នុងគ្រាដ៏លំបាកនេះទាំងអស់គ្នា ។  យើងអាចនឹងរស់ទៅតាមជីវភាពមួយ ដែលមានការសន្សំសំចៃ ជាងពីពេលមុនបន្តិច ពោលគឺធ្វើយ៉ាងណាកាត់បន្ថយការចំណាយ និងតម្រែតម្រឹមតាមលទ្ធភាពដែលយើងកំពុងតែមានសិន ពីព្រោះរលកខ្មៅនៃការរីករាលដាលដោយសារតែកូវីដ១៩ នេះ វាមិនមែនជាបញ្ហារបស់កម្ពុជាតែឯងនោះទេ គឺជាបញ្ហាសកលលោកទាំងមូល ។

ពាក់ព័ន្ធនឹងការរីករាលដាលនៃមេរោគកូវីដ១៩ នេះ ថ្នាក់ដឹកនាំ និងអ្នកដែលស្ថិតនៅក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងមេរោគនេះ ពិតជាហត់នឿយណាស់ដូច្នេះបញ្ហាណាដែលយើងអាចដោះស្រាយ និងប្រឈមមុខបាន គួរតែអត់ធ្មត់បន្តិចទៅ ។ តម្លៃទឹក និងតម្លៃភ្លើង នៅពេលនេះគឺកាន់តែសមរម្យ ហើយប្រសិនបើយើងទាំងអស់គ្នា អាចសន្សំសំចៃដល់កម្រិតមួយទាប តម្លៃនៃភ្លើងអគ្គីសនី និងទឹក ក៏កាន់តែទាបដែរ មិនមែនយើងប្រើតិចថ្លៃ ប្រើច្រើនថោកដូចដែលយើងប្រើប្រាស់វត្ថុ ឬ ចំណាយធ្វើអ្វីផ្សេងនោះទេ ។ រីឯតម្លៃប្រេងឥន្ធនៈវិញ កន្លងមករាជរដ្ឋាភិបាលបានបំភ្លឺជាបន្តបន្ទាប់ហើយថា វាឡើងឬចុះទៅតាមតម្លៃនៃការប្រែប្រួលនៅលើទីផ្សារអន្តរជាតិ មិនមែននៅលើការកំណត់របស់រាជរដ្ឋាភិបាលនោះទេ ហើយមិនត្រឹមតែប៉ុណ្ណោះរាជរដ្ឋាភិបាលក៏បានបញ្ចេញថវិកាដើម្បីជួយទប់កុំឱ្យថ្លៃប្រេងឡើងខ្ពស់ពេកដែរ។  ចំណែកឯរឿងដែលទាក់ទងនឹងធនាគារវិរាជរដ្ឋាភិបាល ដែលមានធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចេញគោលនយោបាយសម្របមសម្រួលជាបន្តបន្ទាប់រួចមកហើយដែរ ។ ពោលគឺរាជរដ្ឋាភិបាលមិនមែនឈរអោបដៃមើលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនោះទេ ។

សរុបមកវិញ នេះគឺជាពេលវេលាមួយដ៏លំបាកសម្រាប់យើងទាំងអស់គ្នា ដូច្នេះយើងត្រូវមានទំនួលខុសត្រូវទាំងអស់គ្នា គឺត្រូវតែហែលឆ្លងការលំបាកនេះហើយត្រូវខិតខំទាំងអស់គ្នា ខាំមាត់សង្កត់ចិត្ត អត់ធ្មត់ចំពោះការលំបាកទាំងអស់ហើយចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបោះជំហាន ដើរទៅមុខជានិច្ច និងកុំរួញរាក្នុងការប្រឈមមុខនឹងស្ថានភាពអាក្រក់ៗ ដែលអាចនឹងបន្តកើតមានជាបន្តបន្ទាប់ទៀតដោយសារតែការរីករាលដាលនៃមេរោគកូវីដ១៩ នេះបន្តទៀត៕

...

ដោយ ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print