ភ្នំពេញ៖ ស្រ្តីម្នាក់បានធ្វើសកម្មភាពលូកហោប៉ៅត្រីម្នាក់ទៀតបានសម្រេច បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៦ នៅក្នុងផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែជនរងគ្រោះដឹងទាន់ ចាប់កដៃជាប់ ប្រគល់ឱ្យនគរបាលប៉ុស្តិ៍ចោមចៅ ចាត់ការទៅតាមនិតិវិធី ។
ស្រ្តីជនសង្ស័យមានឈ្មោះ លីន ដា អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ តែជាជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ល្បីខាង ទម្លាក់យោង លូក លួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ស្នាក់នៅ ផ្លូវរថយន្តភ្លើង ភូមិប៉ប៉្រកជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះ ឈ្មោះ បួន សុឃន ភេទស្រី អាយុ៤៨ឆ្នាំ ជាភរិយា របស់មន្រ្តីនគរបាល ពន្ធនាគារព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ។ លុយដែលជនសង្ស័យ ធ្វើសកម្មភាពកួចយកបានសម្រេច តែរត់មិនរួច ចំនួន៣មុឺនរៀល ។
តាមស្រ្តីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ ខ្លួនកាន់លុយតែចំនួន៣មុឺនរៀល មកចូលផ្សាររកទិញម្ហូប ហើយខណ:ដែល ដើររកទិញជាមួយ ប្រជាពលរដ្ឋផ្សេងទៀត ស្រាប់តែ ជនសង្ស័យ ធ្វើសកម្មភាព លូកលុយ ពីក្នុងហោប៉ាវខោ បានសម្រេចហើយ ដឹងឃើញទាន់ ចាប់កដៃជាប់ ផ្អើលពលរដ្ឋ នាំគ្នាព្រួតជួយចាប់ ប្រគល់ឱ្យនគរបាលប៉ុស្តិ៍ចោមចៅ ។
តាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យជំនាញ លូក លួច ទម្លាក់យោង មុខដដែលៗ មិនដែលឃើញមុខប្លែក ហើយសមត្ថកិច្ច បង្ក្រាប បានជាញឹកញាប់ ដដែលៗ មិនដែលឃើញ យកទៅអប់រំយូរទេ នឹងវិលត្រឡប់មកធ្វើសកម្មភាពសារជាថ្មី ហើយសមាសភាពក្រុមជំនាញ មានគ្នាពី៥នាក់ទៅ៧នាក់ តែងតែដើរធ្វើសកម្មភាព តាមទីប្រជុំជន ។ ពលរដ្ឋរិះគន់ ផងដែរ ដល់សមត្ថកិច្ចពាក់ព័ន្ធ ក្រោយពីចាប់ឃានសង្ស័យ ក្រុមខាងលើនេះបានម្តងៗ យ៉ាងយូរ ៣ទៅ៤ថ្ងៃ លេចមុខមកវិញ បង្កអសន្តិសុខ ក្នុងមូលដ្ឋាន ពលរដ្ឋបន្តទៀតថា ពួកគាត់ សំណូមពរ ឃាត់ជនសង្ស័យ ធ្វើយ៉ាងណាឱ្យបាន១ខែសិន ចាំប្រលែងមកវិញ កាលបើហើយវិលវិញៗ ដឹងយកទៅធ្វើអ្វី ? ។
ជនសង្ស័យក្នុងករណីខាងលើ លើកនេះ បន្ទាប់ពីជនរងគ្រោះ ប្រជាពលរដ្ឋ ចាប់បាន ប្រគល់ឱ្យនគរបាលបុ៉ស្តិ៍ចោមចៅ ចាត់ការទៅតាមនីតិវិធី ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ នាំមកធ្វើការសាកសួរ នៅប៉ុស្តិ៍ចោមចៅ តែដោយសារ ជនរងគ្រោះ គ្រាន់តែប្រគល់ឱ្យ សមត្ថកិច្ច ធ្វើការអប់រំ សុំយកតែលុយវិញទេ សម្រាប់ទិញម្ហូប ហើយត្រូវបាន សមត្ថកិច្ច ធ្វើការអប់រំ រួចទើបអនុញាតិឱ្យស្រ្តី ជនសង្ស័យជំនាញលួច វិលត្រឡប់ទៅវិញ ៕
ដោយ៖ សុខាសែនជ័យ












