ភ្នំពេញ, នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០១នាក់ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ ឈ្មោះ ឃឹម សុប៉ិន អាយុ ២០ឆ្នាំ រស់នៅភូមិស្រះសំបួរ ឃុំពង្រ ស្រុកតាំងគោក។ បច្ចុប្បន្នបុគ្គលខាងលើនេះ ត្រូវបានដាក់ឲ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្ត បានចុះធ្វើការស្រាវជ្រាវ និងរកឃើញថា បុរស ដែលវិជ្ជមានជំងឺកូវីដ១ ៩នេះ ជាជាងធ្វើតុទូនៅម្ដុំផ្សារត្រពាំងថ្លឹង និងស្នាក់នៅបន្ទប់មានគ្នា០៣នាក់ ជាមួយនឹងស្ត្រីម្នាក់ដែលរកឃើញវិជ្ជមានកូដ១៩ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២ ១ ។ នៅថ្ងៃទី០៥ ខែមេសានេះដែរ ដោយមិនបានដឹងថាស្រ្តីរស់នៅបន្ទប់ជាមួយគ្នាមានវិជ្ជមានកូវីដ១៩ ឈ្មោះ ឃឹម សុបុិន បានធ្វើដំណើរដោយម៉ូតូផ្ទាល់ខ្លួនមកស្រុកកំណើត ដោយបានឈប់ចាក់សាំងនៅម្ដុំផ្សារ ដីហុយ ហើយ ពេលមកដល់ផ្ទះ គាត់មិនបានចេញទៅណាទេ ក្រៅពីស្និទ្ធស្នាលជាមួយម្តាយ បងស្រី និងក្រុមគ្រួសារ ចំនួន ០៤នាក់។
អ្នកពាក់ព័ន្ធដោយផ្ទាល់ទាំង០៤នាក់ ខាងលើនេះត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌល ចត្តាឡីស័កវិទ្យាល័យកំពង់ធំ និងបានយកសំណាកបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រដោយទទួលបានលទ្ធផល អវិជ្ជមាន(លើកទី ១)។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និង បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាន “ពាការពារ ៣កុំ” និងវិធានការសុខាភិបាលផ្សេងទៀត ដោយឈរលើ ស្មារតីទទួលខុសត្រូវខ្ពស់ចំពោះក្រុមគ្រួសារ និងសង្គមជាតិទាំងមូល៕
ដោយ, សុខ ខេមរា