ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធត្រូវបានសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ដោយចោទប្រកាន់ថាបានលួចសត្វក្របីរបស់អ្នកស្រុក ការឃាត់ខ្លួនជនសង្ស័យលួចក្របីនេះ ធ្វើឡើងកាលពីវេលាម៉ោងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នៅម៉ោង១រសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះមានឈ្មោះ ទី១.ឈ្នោះ ង្វៀង យាំងតឹង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិវាលស្បូវ និងទី២.ឈ្មោៈសុខ គួន អាយុ៤៧ ឆ្នាំ ត្រូវជាប្រពន្ធ ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញនូវសត្វក្របីចំនួន២ក្បាល ដែលជនសង្ស័យ បានយកមកលាក់ទុកនៅផ្ទះរបស់ខ្លួន ។
សមត្ថកិច្ចបានអោយដឹងទៀតថា កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦នោះ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ វ៉ែន ស៊ីម រស់នៅក្នុងភូមិឃុំខាងលើ បានបាត់ក្របីចំនួន២ក្បាល ក្នុងពេលដែលពួកគាត់បានលែងអោយស៊ីស្មៅ ក្រោយពីបាត់រកអត់ឃើញម្ចាស់ក្របីបានប្តឹងសមត្ថកិច្ច អោយជួយអន្តរាគមន៍ ។ ក្រោយពីទទួលបានបណ្តឹងនេះភ្លាមកម្លាំងសមត្ថកិច្ចនគរបាលស្រុកទឹកបានដាក់កម្លាំងតាមរក ហើយបានប្រទះឃើញក្របីចំនួន២ក្បាល នៅផ្ទះរបស់ជនសង្ស័យ ហើយបានសួរនាំទើបដឹងថា ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធនេះបានលួចក្របីរបស់ប្រជាពលរដ្ឋយកមកទុកដើម្បីលក់ ។
ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចសត្វក្របីនេះពិតប្រាកដមែន ។
ជនសង្ស័យនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ ចន្ថា










