ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះថា ចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ១៩ ដែលឆ្លងរយៈពេលប៉ុន្មានថ្ងៃមកនេះនៅរោងចក្រ «ឌីនហាន» ឡើងពីចំនួន៦៣១ ដល់ ៦៣៨នាក់។
សូមបញ្ជាក់ថា កាលពីយប់មិញចំនួនតួលេខ៦៣១នាក់ ដែលលោក ឃួង ស្រេង មានប្រសាសន៍នៅក្នុងសន្និសីទ្ធសារព័ត៌មាន គឺជាចំនួនតួលេខសរុបពីរោងចក្រ ឌីនយ៉ាន ដែលមានកម្មករធ្វើការជាង២៤០០នាក់ ស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានបិទខ្ទប់មូលដ្ឋានខ្លះក្នុងរាជធានីភ្នំពេញ គឺសម្រេចបិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១។ សង្កាត់ចំនួន២ ក្នុងខណ្ឌមានជ័យ និងភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
ដោយ, សុខ ខេមរា