អភិបាលខេត្តមណ្ឌលគិរី បន្តចុះសួរសុខទុក្ខ នាំយកស្បៀងអាហារ និងថវិកា ឧបត្ថម្ភដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៣០៣ នៅក្នុងស្រុកពេជ្រាដា

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកស្បៀងអាហារ និងថវិកា របស់រដ្ឋបាលខេត្ត និងអគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៣០៣ ដើម្បីការពារបូរណភាពទឹកដី និងពង្រឹងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្ថិតនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលដ៏ខ្លីនាពេលខាងមុខនេះ ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជានាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរស់នៅរបស់កងកម្លាំងនគរបាល ជាពិសេស កងកម្លាំងដែលនៅឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការការពារបូរណភាពទឹកដី ការពារ សន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេស ពង្រឹងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ រវាងប្រទេសជិតខាង ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

លោកអភិបាលខេត្ត ណែនាំដល់កងកម្លាំងនគរបាល រួមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ៣កុំ ៣ការពារ និង ២ចូលរួម របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការពង្រឹងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ជាពិសេស ត្រូវបង្កើនការយកចិត្តទុកដាក់ និងរឹតបន្តឹងលើការឆ្លងដែនខុសច្បាប់ ខណៈកម្ពុជាកំពុងប្រយុទ្ឋប្រឆាំងយ៉ាងខ្លាំងក្លាពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជៀសវាងមានប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ និងគេចពីការត្រួតពិនិត្យសុខាភិបាល អាចនាំហានិភ័យចម្លងជំងឺចូលក្នុងសហគមន៍។

លោកអភិបាលខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភដល់កងកម្លាំងនគរបាល ក្នុងនោះរួមមាន៖ រដ្ឋបាលខេត្ត បានឧបត្ថម្ភ ត្រីខ ៣កេះធំ មី ៣កេះធំ ទឹកសុទ្ធ ៣០កេះ និងថវិកា ៤លានរៀល រីឯអំណោយរបស់អគ្គស្នងការនគរបាលជាតិ រួមមាន៖ អង្ករ ទឹកសុទ្ធ មី ទឹកស៊ីអ៊ីវ ទឹកក្រូច ទឹកត្រី និងថវិកាចំនួន ៤លានរៀល ផ្តល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៣០៣ សម្រាប់ជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃ និងការពារជំងឺកូវីដ-១៩។

បន្ទាប់មកលោកអភិបាលខេត្ត និងលោកអ៉ឹង ស៊ីតាតវិរៈ បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ១លានរៀល រីឯ ស្នងការនគរបាលខេត្ត ឧបត្ថម្ភថវិកាចំនួន ៦០ម៉ឺនរៀល ឧបត្ថម្ភដល់កងកម្លាំងកងរាជអាវុធហត្ថ ប្រចាំនៅទីស្នាក់ការសន្តិសុខ ៧៦២ ស្ថិតនៅឃុំពូជ្រៃ ក្នុងស្រុកពេជ្រាដា ដើម្បីដោះស្រាយការហូបចុកប្រចាំថ្ងៃផងដែរ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print