បណ្តាញទូរទស្សន៍ Myawaddy គ្រប់គ្រងដោយយោធា នៅថ្ងៃទី៩ខែមេសា បានឱ្យដឹងថា មានមនុស្ស១៩នាក់ត្រូវកាត់ទោសប្រហារជីវិតពីបទសម្លាប់ប្រធានក្រុមយោធាម្នាក់។ នេះគឺជាការកាត់ទោសប្រហារជីវិតដែលបានប្រកាសជាសាធារណៈដំបូងបង្អស់ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ ។ តាមការផ្សាយរបស់បណ្តាញទូរទស្សន៍ខាងលើ មន្ត្រីទាហានដែលរងការសម្លាប់នោះ គឺកាលពីថ្ងៃទី២៧ខែមីនានៅតំបន់ Okkalapa ក្នុងទីក្រុង Yangon ។
សារព័ត៌មាន Nikkei Asia បានផ្សាយថា មនុស្សទាំង១៩នាក់រងការចោទប្រកាន់ពីបទវាយប្រហារទាហាន២នាក់ដោយកាំបិតនិងដំបង ស្ថិតនៅស្រុក Okkalapa ក្នុងឱកាសនៃទិវាបង្កើតកងទ័ពមីយ៉ាន់ម៉ានៅថ្ងៃទី ២៧ខែមីនា ។ ជនដៃដល់បានយកម៉ូតូមួយគ្រឿង និងកាំភ្លើងមួយដើមពីទាហានដែលរងការវាយប្រហារ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងចំណោមមនុស្សទាំង១៩នាក់ដែលកាត់ទោសប្រហារជីវិតនោះ មាន១៧នាក់មិនទាន់ចាប់ខ្លួនបាននៅឡើយទេ។ កម្លាំងទាហានបានចេញដីកាតាមចាប់ខ្លួនមនុស្សទាំង ១៧នាក់នោះហើយ ។
ការបន្តប្តឹងទៅកាន់តុលាការកំពូល មិនមែនជាជម្រើសល្អនោះឡើយ ប៉ុន្តែ មេទ័ព Min Aung Hlaing អាចកាត់បន្ថយទោសឬ កែប្រែទោសប្រហារជីវិត មកកម្រិតទោសទាបជាងនេះ។ មីយ៉ាន់ម៉ា បានអនុវត្តច្បាប់ប្រហារជីវិត ប៉ុន្តែមិនដែលបានអនុវត្តមួយករណីណាឡើយរយៈពេល៣ទសវត្សរ៍កន្លងមក។
មកទល់ពេលនេះមានបាតុករ ៦១៤នាក់ស្លាប់ ក្នុងនោះមានកុមារ ៤៨នាក់ និងជិត៣០០០នាក់ត្រូវទាហានចាប់ឃុំខ្លួន ៕ ដោយ សាធី
រូបភាព៖ AP