ខេត្តស្ទឹងត្រែង៖ កម្លាំងគណៈកម្មការសហគមន៍នេសាទកោះស្រឡៅបានសហការជាមួយសហគមន៍ឃុំកោះស្នែង កោះកន្ធាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងដែលមានគ្នាចំនួន៦នាក់ បានធ្វេីការប្រដេញពួនស្ទាក់ និងបង្ក្រាបបានទូកស្មាច់មួយគ្រឿង ដែលក្រុមជនល្មើសលួចធ្វេីសកម្មភាពឆក់ត្រីយ៉ាងជាក់ស្ដែងនៅព្រឹកថ្ងៃអាទិត្យទី១១ ខែមេសា ឆ្នាំ២០២១នេះ ។
អ្នកតំណាងសហគមន៍នេសាទបានឱ្យដឹងថា ពួកគេបានសហការចុះបង្ក្រាបក្រុមទូករបស់ពួកជនល្មើសលួចឆក់ត្រី កាលពីវេលាម៉ោង៣រសៀលម្សិលមិញនេះ នៅចំណុចកន្ទុយកោះហិប ឃុំកោះស្នែងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នឹងឈានដល់ការរឹបអូសបានទូកស្មាច់មួយគ្រឿងផងដែរ។
ប្រភពដដែលបន្តថា: កម្លាំងសហគមន៍នៅពេលកំពុងល្បាតពួនស្ទាក់ទៅលេីជនប្រព្រឹត្តបទល្មើស ស្រាប់តែពួកគេបានក្រឡេកឃើញទូកសហគមន៍ ដេញស្ទាក់នោះ ក៏ព្យាយាមបើកទូករត់និងឈប់ចតចោលរួចនាំគ្នាគេចខ្លួនបាត់។ បន្ទាប់មកកម្លាំងសហគមន៍ក៏បានដកហូតវត្ថុតាងមានទូកស្មាច់មួយគ្រឿង,ម៉ាស៊ីនហ៊ីណូតា៧សេះមួយគ្រឿង,ឧបករណ៍ឆក់ត្រជាក់មួយគ្រឿង រួចបញ្ជូនទៅកាន់ជំនាញរដ្ឋបាលជលផលខេត្តស្ទឹងត្រែងដើម្បីបន្តនីតិវិធីច្បាប់។
ដោយឡែកជុំវិញករណីនេះដែរ នាយរងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោក វង្ស សាវឿន នៅព្រឹកថ្ងៃទី១១ ខែមេសានេះដែរ បានស្វាគមន៍ និងកោតសរសើរចំពោះសកម្មភាពរបស់គណៈកម្មការសហគមន៍នេសាទដែលសហការគ្នាបានយ៉ាងល្អចុះបង្ក្រាបបទល្មើសនេសាទនៅតាមដងទន្លេហើយទទួលបានផលវិជ្ជមានជាបន្តបន្ទាប់។
ជាមួយគ្នានេះ លោកនាយរងខណ្ឌរដ្ឋបាលជលផលខេត្តរូបនេះ ក៏បានឧបត្ថម្ភប្រាក់មួយចំនួនដើម្បីជាការលើកទឹកចិត្តទៅដល់កម្លាំងសហគមន៍ដែលបានខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសនេះផងដែរ៕