អន្តរជាតិ៖ បុគ្គលិករបស់ភោជ្ជនីយដ្ឋានសាច់អាំង(BBQ)មួយកន្លែងចំនួន ១៣នាក់ នៅខេត្តនគរ រ៉ាតចាសីម៉ា បានឆ្លងកូវីដ១៩នៅពេលបុរសម្នាក់និងស្ត្រីម្នាក់ត្រូវបានចោទប្រកាន់នៅក្នុងខេត្តនគរ ស៊ី ថាមម៉ារ៉ាត ដោយសារតែមិនបានដាក់ខ្លួននៅដាច់ពីគេក្រោយពីដឹងខ្លួនថាឆ្លងកូវីដ១៩។
បេីតាមការិយាល័យសុខាភិបាល នៅខេត្ត នគរ រ៉ាតចាសីម៉ា ដែលតាមដានដំណើររបស់អ្នកឆ្លងកូវីដ១៩ម្នាក់ បានបញ្ជាក់ថា បុរសនេះបានចូលហាងសាច់អាំងមួយកាលពីថ្ងៃ៥មេសា។ បន្ទាប់ពីរកឃេីញភ្លាមហាងនេះ ត្រូវបានបញ្ជាឲ្យបិទ៥ថ្ងៃ រីឯបុគ្គលិកត្រូវបានធ្វើតេស្តិ៍រកឃើញឆ្លង១៣នាក់។
សូមជម្រាបថា ខេត្ត នគរ រ៉ាតចាសីម៉ា កាលពីខែមុន បានរកឃេីញមានអ្នកឆ្លងកូវីដ១៩ ចំនួន១២៣នាក់ ចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩ រលកទី៣។
ជាមួយគ្នានេះ អាជ្ញាធរខេត្តនគរ ស៊ី ថាមម៉ារ៉ាត បានបញ្ជាក់បន្ថែមថា ប្តីប្រពន្ធមួយគូនេះប្រឈមចំណាត់ការផ្លូវច្បាប់ ដោយសារតែបានធ្វើដំណើរចេញពីក្រុងបាងកក ទៅផ្ទះនៅខេត្តនេះក្រោយពីពិនិត្យឃើញកូវីដ១៩។
គួរបញ្ជាក់ថា អ្នកទាំងពីរត្រូវបានចាប់ខ្លួនកាលពីថ្ងៃ១១ ខែមេសា ថ្មីៗនេះ បន្ទាប់ពីពួកគាត់ជិះយន្តហោះចេញពីអាកាសយានដ្ឋានដនមឿងទោះកាន់ខេត្តភាគខាងត្បូងប្រទេសថៃ។ ខណៈមន្ត្រីសុខាភិបាលថៃ បានរកឃើញថា អ្នកទាំងពីរត្រូវបានបញ្ជាក់ថាមានកូវីដ១៩ មុនឡើងជិះយន្តហោះទៅស្រុក។
ដោយឡែកបច្ចុប្បន្ននេះ អ្នកដែលអង្គុយកៅអីក្បែរអ្នកដំណើរកើតកូវីដ១៩ទាំងពីរនាក់នេះ ត្រូវបានណែនាំឲ្យទៅពិនិត្យសុខភាព ដេីម្បីធ្វេីតេស្តរកកូវីដផងដែរ៕ដោយ៖សហការី
រូបភាព៖ឯកសារ មន្រ្តីក្រសួងសុខាភិបាលថៃចុះយកអ្នកមានកូវីដ១៩ នៅអាកាសយានដ្ឋានអន្តរជាតិថៃ
រូបថត៖ កាសែតបាងកកប៉ុស្តិ៍