ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីបណ្ដាញសង្គមហ្វេសប៊ុករបស់អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងថា៖ អ្នកកើតជំងឺកូវីដ១៩ម្នាក់ ជាបុគ្គលិកផ្នែកបម្រើសេវាឥណទាន នៅធនាគារអេស៉ីលីដា សាខាគីឡូម៉ែត្រលេខ៦ ស្ថិតនៅផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
បន្ថែមពីនេះ នៅក្នុងសំណេរហ្វេសប៊ុករបស់អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ធ្លាប់ទៅទទួលសេវា ចាប់ពីនៅថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។
គួរបញ្ជាក់ថា សម្រាប់ទីតាំងធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕ដោយ៖សហការី