ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ឃាត់ខ្លួនយុវជនម្នាក់ករណីឃាតកម្ម សម្លាប់យុវតីវៀតណាម អាយុ ១៣ ឆ្នាំ។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការងទទួលការងារ ព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យដឹងថាប្រតិបត្តិការនេះ ក្រោមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការងទទួលផែនព្រហ្មទណ្ឌ ទើបឈានដល់ការចាប់ខ្លួន ជនសង្ស័យម្នាក់។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការងទទួលការងារ ព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នៅម៉ោង ២រសៀល នៅត្រង់ចំណុចភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប មានករណីឃាតកម្មលើក្មេងស្រីម្នាក់ឈ្មោះ វៀង ធីគឹមមួយ អាយុ ១៣ ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិកើតហេតុ ត្រូវបានជនសង្ស័យ វ៉ៃចំក្បាល បណ្តាលអោយ ស្លាប់។
ក្រោយពេលស្រាវជ្រាវ និងស៊ើបអង្កេត យើងបានឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ឈ្មោះ ង្វៀន វ៉ាន់ហ៊ាន ជនជាតិវៀតណាម អាយុ ១៦ឆ្នាំ រស់នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ ឆ្លងតាមការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ ពិតប្រាកដមែន ដោយខឹងនឹងជនរងគ្រោះ ជេរប្រមាថ ទើបរូបគេខឹង ក៏យកញញួរ វាយចំក្បាលជនរងគ្រោះ បណ្តាលអោយស្លាប់តែម្តង ។
បន្ទាប់ពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចកម្លាំងជំនាញបានកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ ទៅអយ្យការ អមសាលាដំបូងខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី ៕ជ្រោយពេជ្រ