ភ្នំពេញ: នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ពន្យល់អំពីនីតិវិធីច្បាប់ ដោយលោក សូមជម្រាបជូនថា៖
ការបិទខ្ទប់គឺជាវិធានការរដ្ឋបាលមួយតឹងរឹង ដែលតម្រូវអោយប្រជាពលរដ្ឋទាំងអស់ត្រូវនៅផ្ទះរៀងៗខ្លួន,ផ្អាកការធ្វើដំណើរ, ផ្អាករាល់ការជួបជុំ, ហើយក្រុមហ៊ុន ឬសហគ្រាសត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នក្នុងរយៈពេលបិទខ្ទប់១៤ថ្ងៃនេះ។
ការធ្វើដំណើរអាចធ្វើទៅបានតែក្នុងករណីចាំបាច់ និងបន្ទាន់មួយចំនួនប៉ុណ្ណោះ ដូចជាការចេញទៅទិញម្ហូបអាហារ កីឡា ឬទៅពេទ្យជាដើម។
លោករដ្ឋលេខាធិការបានបន្តថា, ការជួបជុំអាចធ្ចើទៅបានតែក្នុងករណីចាំបាច់បំផុតដូចជា បុណ្យសព ឬសកម្មភាពបម្រើអោយសុខុមាលភាពសាធារណៈ និងប្រយោជន៍សង្គម។ រីឯការជួបជុំក្នុងចំណោមគ្រួសារដែលរស់នៅជាមួយគ្នាក្នុងបរិវេនផ្ទះរបស់ខ្លួនក៏ត្រូវបានអនុញ្ញាតផងដរ!
លោកថ្លែងទៀតថា, រាល់ក្រុមហ៊ុន ឬសហគ្រាស ដែលជាតម្រូវការចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅ អាចនៅដំណើរការបាន ដូចជាហាងទំនិញ ផ្សារលក់ម្ហូបអាហារ រោងចក្រឫសិប្បកម្មផលិតម្ហូបអាហារ មន្ទីរពេទ្យឫក្លីនិកឯកជន, ធនាគារជាដើម។
សហគ្រាស ឬក្រុមហ៊ុន ដែលមិនមែនជាតម្រូវការខានមិនបានរបស់ប្រជាពលរដ្ឋទូទៅត្រូវផ្អាកសកម្មភាពទាំងអស់។ ប៉ុន្តែ ស្ថាប័នសាធារណៈដែលផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅបន្តដំណើរការដដែល។
រាល់ស្ថាប័នសាធារណៈ និងឯកជន ដែលត្រូវបានអនុញ្ញាតអោយបន្តដំណើរការ ត្រូវកាត់បន្ថយចំនួនបុគ្គលិកមកបម្រើការអោយមកនៅតិចបំផុត ហើយត្រូវអនុវត្តនូវរាល់វិធានការសុខាភិបាល ដូចជាការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព និងការលាងសម្អាតដៃជាដើម។
បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព នៅក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់។
ការបំពានវិធានការបិទខ្ទប់នេះ ដោយការមិនគោរព ឬរារាំង នឹងត្រូវទទួលទោសដែលត្រូវបានកំណត់ដោយច្បាប់៕
ដោយ, សុខ ខេមរា