ថៃ៖​ ព្រមានចំពោះអ្នកដែលធ្វេសប្រហែស និងបង្កឲ្យកូវីដ-១៩​ រាតត្បាតដល់អ្នកដ៏ទៃ​ ត្រូវ​ចាត់វិធានការតាមផ្លូវច្បាប់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមសារព័ត៌មានថៃ Bangkok Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១​នេះ​ បានចុះផ្សាយថា​ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះផ្នែកអាជីវកម្មកម្សាន្ត និងមនុស្សទាំងណាក្នុងប្រទេសថៃ ដែលបានធ្វេសប្រហែសហើយបង្កឲ្យជំងឺ COVID-19 រាតត្បាតកាន់តែខ្លាំង។

សារព័ត៌មានថៃ Bangkok Post បាននិយាយបន្តថា​ ការព្រមានពីសំណាក់អាជ្ញាធរថៃខាងលើនេះ ត្រូវបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីថៃបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ច្រើនបំផុតជាលើកដំបូងរហូតដល់ទៅជាង ១,៣០០នាក់ក្នុងមួយថ្ងៃ។ ខណៈការផ្ទុះរលកថ្មីនៃការឆ្លងរាតត្បាត COVID-19 នេះត្រូវបានអាជ្ញាធរអះអាងថា មានប្រភពដើមចេញពីក្លឹបកម្សាន្តមួយក្នុងទីក្រុងបាងកក ដែលបានអនុញ្ញាតឲ្យមនុស្សម្នា ចូលរួមកម្មវិធីកម្សាន្តរាត្រីយ៉ាងកកកុញ។

ដោយ​ឡែក​មន្ត្រីសុខាភិបាលថៃមួយរូប​ ក៏បានអំពាវនាវឲ្យអាជ្ញាធរទីក្រុងបាងកក ធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ចំពោះអ្នកជំងឺ COVID-19 ម្នាក់ (ជាស្ត្រវ័យ ២៦ឆ្នាំ) ដែលបានធ្វើដំណើរឡើងយន្តហោះនៅអាកាសយានដ្ឋាន ដន មឿង (Don Mueang) កាលពីថ្ងៃទី១១ ខែមេសា បើទោះបីជារូបនាងបានទទួលដំណឹងរួចហើយថា ខ្លួនមានផ្ទុកជំងឺ COVID-19 ក៏ដោយ។ ស្ត្រីរូបនេះនឹងត្រូវរងការចោទប្រកាន់ ពីបទបង្កការរាំងស្ទះដល់អាកាសយានដ្ឋាន និងបង្កការភ័យខ្លាចដល់អ្នកដំណើរនានា តាមរយៈទង្វើលាក់បាំងព័ត៌មានអំពីការផ្ទុក COVID-19 របស់នាង។

ចំណែក​ទាក់ទិននឹងបញ្ហានេះដែរ​ នៅខេត្តភូកេត (Phuket) ឯណោះវិញ ទីកន្លែងកម្សាន្តចំនួន ០៣ ដែលមានការជាប់ពាក់ព័ន្ធ ទៅនឹងការផ្ទុះរលកថ្មីនៃការឆ្លងរាតត្បាត COVID-19 ក៏កំពុងប្រឈមមុខនឹងការចាត់វិធានការ តាមផ្លូវច្បាប់ផងដែរ។

គួរបញ្ជាក់ថា​ អាជ្ញាធរទីក្រុងបាងកក ​កាលពីពេលកន្លងទៅថ្មីៗនេះ​ ក៏បានចុះទៅបិទទីកន្លែងកម្សាន្តរាត្រី ដែលជាដើមហេតុបង្កឲ្យមានការផ្ទុះរលកថ្មី COVID-19 នៅក្នុងប្រទេសថៃ ហើយបញ្ជូនម្ចាស់កន្លែងកម្សាន្តនោះទៅតុលាការផងដែរ៕​ដោយ​៖ស​ តារា​

...

រូបភាព​៖ឯកសារ​ ឆៃណាថោន​ ក្នុងទីក្រុងបាងកក​ ប្រទេស​ថៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print