ក្រុមកាំភ្លើងធំ Arsenal បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី Europa League ដោយប៉ះក្រុមអេស្ប៉ាញ Villarrealបន្ទាប់ពីពួកគេបានយកឈ្នះលើក្រុម Slavia Prague ដោយលទ្ធផល ៤-០ ក្នុងជើងទី២នៅប្រទេសឆេក។
កាលពីជើងទី១ក្នុងទឹកដីរបស់ខ្លួន ក្រុម Arsenalធ្វើបានត្រឹមតែលទ្ធផល ១-១ តែប៉ុណ្ណោះ ប៉ុន្តែ Arsenal ធ្វើបានយ៉ាងល្អឥតខ្ចោះវិញ នៅក្នុងការប្រកួតជើងទី២ ដោយពួកគេបាននាំមុខ៣គ្រាប់មុនក្នុងរយៈពេលតែ២៤នាទីក្នុងតង់ទី១ ដោយស៊ុតបាល់បញ្ចូលទីដោយកីឡាករ Nicolas Pepe, Alexandre Lacazette និង Bukayo Saka។ ចំណែកមួយគ្រាប់ចុងក្រោយ ត្រូវបានស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធបារាំង Alexandre Lacazetteនៅនាទីទី៧៧។
អ្នកចាត់ការទូរទៅរបស់ក្រុមកាំភ្លើងធំ លោក Mikel Arteta បានថ្លែងក្រោយចប់ការប្រកួតថា “កីឡាករទាំងអស់របស់ខ្ញុំបានលេងល្អចាប់តាំងពីផ្តើមការប្រកួតដំបូង ហើយពួកយើងបានទទួលជ័យជម្នះយ៉ាងធំធេងហើយខ្ញុំសូមសសើរដល់កូនក្រុមទាំងអស់។”
ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវជួបជាមួយក្រុម Villarrealដែលកំពុងតែដឹកនាំដោយលោក Unai Emery អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ ផងដែរ។ ចំណែកក្រុមបិសាចក្រហមអង់គ្លេស Manchester Unitedនឹងត្រូវប៉ះក្រុមរបស់អុីតាលី Roma។
ខាងក្រោមនេះគឺជាវីដេអូហាយឡាយនៃការប្រកួតទាំងអស់នៅក្នុងកម្មវិធី Europa League យប់ម៉ិញ ៕
ដោយ៖ ភារៈ(ប្រភពៈ BBC Sport and Youtube)