លោក Jose Mourinho អ្នកចាត់ការទូរទៅក្រុមមាន់ខ្នាយមាសTottenham Hotspurបានថ្លែងនៅក្នុងសន្និសីទមួយមុនការប្រកួតជាមួយនឹងក្រុម Everton ថា អ្វីដែលគាត់ផ្តោតសំខាន់បំផុតគឺទទួលបានជ័យជម្នះហើយឈរលេខរៀងកំពូលទាំងបួនក្រុមនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier League តែមិនសូវចាប់អារម្មណ៍ខ្លាំងទៅលើការលេងវគ្គផ្តាច់ព្រ័ត្រ League Cup ក្នុងខែនេះឡើយ។
បរជ័យលើក្រុម Manchester Unitedដោយលទ្ធផល ៣-១ ធ្វើឲ្យក្រុម Tottenhamកាន់តែពិបាកក្នុងការបញ្ចប់រដូវកាលនេះដោយទទួលចំណាត់ថ្នាក់លេខ៤ណាស់ ហើយការប្រកួតនៅថ្ងៃសុក្រនេះទាមទារឲ្យពួកគេទទួលជ័យជម្នះឲ្យខានតែបាន។ Tottenham ឈរលេខរៀងទី៧ តាមពីក្រោយក្រុមលេខ៤ West Ham United រហូតដល់៦ពិន្ទុ ហើយឈរលើក្រុម Evertonតែមួយពិន្ទុប៉ុណ្ណោះ ខណៈដែល Evertonមានមួយប្រកួតនៅក្នុងដៃទៀត។
អ្នកចាត់ការទូរទៅសញ្ជាតិព័រទុយហ្គាល់ Mourinho បានប្រាប់អ្នកសារពត័មានថា “ការប្រកួតនៅក្នុងកីឡាដ្ឋាន Goodison យប់នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ក្រុមទាំងពីរឈរលេខរៀងក្បែរគ្នាហើយពួកគេមានមួយប្រកួតនៅក្នុងដៃទៀត។ ពួកយើងមានគោលដៅដូចគ្នាគឺត្រូវតែព្យាយាមវាយយកឈ្នះឲ្យខានតែបាន។ អ្វីដែលពួកយើង និងគូប្រកួតរបស់យើងកំពុងតែត្រូវការគឺកៅអីទៅលេងពានធំនៅក្នុងតំបន់អឺរ៉ុបនៅរដូវកាលក្រោយ។”
ក្រោយការប្រកួតជាមួយនឹងក្រុម Everton រួច ក្រុមរបស់លោកJose Mourinho នឹងត្រូវប៉ះក្រុម Southamptonក្នុងក្របខណ្ឌអង់គ្លេសPremier League មុនពេលប៉ះក្រុមខ្លាំង Manchester City នៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី League Cup ខណៈដែលសំពាធកាន់តែខ្លាំងឡើងលើលោកJose Mourinho ដែលអាចធ្វើឲ្យគាត់ត្រូវបាត់បង់ការងារជាអ្នកចាត់ការនៅក្នុងក្រុមមាន់ខ្នាយមាសប្រសិនបើក្រុមរបស់គាត់នៅបន្តទំរង់លេងអន់បែបនេះតទៅទៀត។
ចំណែកខ្សែប្រយុទ្ធអង់គ្លេស Dominic Calvert-Lewin របស់ក្រុមEverton នឹងត្រូវអវត្តមានពេលប៉ះក្រុម Tottenham Hotspur ប៉ុន្តែអ្នកចាំទី Jordan Pickford និងខ្សែបំរើពីររូប Allan និង Andre Gomesអាចវិលត្រឡប់មកជួយក្រុមវិញបាន នេះតាមការបញ្ជាក់ពីលោក Carlo Ancelotti គ្រូបង្វឹករបស់ក្រុម Everton ៕
ដោយ៖ ភារៈ