ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ! សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យចាត់វិធានការតាមច្បាប់ ចំពោះអ្នកបំពានច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងសារសំលេងដាក់ចេញបទបញ្ជាពង្រឹងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះការអនុវត្តន៍ច្បាប់ ដោយចាប់បញ្ជូនទៅកាន់តុលាការ ចំពោះជនបំពានច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឬវិធានការនានាដែលអាជ្ញាធរបានដាក់ចេញ។

សម្តេចតេជោ ហ៊ុនសែន  បានគូសបញ្ជាក់ថា នៅតែមានជនបំពានច្បាប់ និងវិធានការដែលអាជ្ញាធរបានដាក់ចេញក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដូចជាការជួបជុំគ្នាផឹកស៊ី ឬការលួចធ្វើដំណើរឆ្លងខេត្តជាដើម។

សម្រាប់សម្តេចតេជោ ចំពោះជនទាំងនេះ មិនអាចលើកលែងបាននោះឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ «ខ្ញុំរីករាយជាមួយព័ត៌មានថា មានអ្នកបំពានច្បាប់ ហើយត្រូវបានចាប់បញ្ជូនទៅតុលាការ។ ខ្ញុំលើកទឹកចិត្តឱ្យមានការអនុវត្តន៍ច្បាប់ចាប់បញ្ជូនទៅតុលាការដោយគ្មានការលើកលែង សម្រាប់មនុស្សណាក៏ដោយ ដែលបំពានលើបំរាមនៃការបិទខ្ទប់ ហើយក៏ដូចជាការបំពានទៅលើអនុក្រឹត្យ និងបទបញ្ញត្តិទាំងឡាយ»។

សូមបញ្ជាក់ថា មកដល់ពេលនេះ មានមនុស្សជាច្រើននាក់ហើយ ត្រូវបានផាកពិន័យ និងចាប់បញ្ជូនទៅកាន់តុលាការ ដោយសារពួកគេបំពានវិធានការរបស់អាជ្ញាធរ ដូចជាការជួបជុំផឹកស៊ី និងលួចធ្វើដំណើរឆ្លងខេត្តជាដើម។
នៅខេត្តព្រៃវែងមានមនុស្ស៤នាក់ រត់ចេញពីភ្នំពេញ ត្រូវឃាត់ខ្លួន។ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានបុរសម្នាក់រត់មកខេត្តចូលភ្នំពេញ ខណ:ប្រពន្ធមានកូវីដ-១៩ ហើយមកសំងំនៅក្រោយរោងចក្រជិតវត្តអង្គតាម៉ិញ ហើយអាជ្ញាធរខណ្ឌកំពុងចាត់វិធាន ប្រកាសអោយមកផ្តល់សំណាក និងធ្វើចត្តាឡីស័ក៕

ដោយ, សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print