ព្រះសីហនុ ៖ ជនអន្តោប្រវេសន៍វៀតណាមប្រមាណជាង២០នាក់ដែលប៉ូលីសខេត្តព្រះសីហនុអះអាងថាចូលមករស់នៅដោយខុសច្បាប់ហើយបានចាប់បញ្ជូនទៅស្រុកកំណើតវិញពេលកន្លងទៅថ្មីៗនេះស្រាប់តែមានវត្តមានជនទាំងនោះមួយចំនួនតូចបានវិលមកដល់ក្រុងព្រះសីហនុវិញហើយប្រការនេះ ត្រូវបានគេសង្សយ័ថាអាចកើតមានអំពើពុករលួយ។ ព្រោះជនដែលត្រូវបញ្ជូនខ្លួនទៅនោះមិនទាន់បានប៉ុន្មានថ្ងៃផងស្រាប់តែលេចមុខ មកសុំចុះឈ្មោះស្នាក់នៅបណ្តោះអាសន្ននៅការិយាលយ័អន្តោប្រវេសន៍តាមខេត្តវិញផងដែរ។មន្ត្រីប៉ូលីសអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុម្នាក់សុំមិនប្រាប់ឈ្មោះបានខ្សិបប្រាប់ថា ប៉ូលីសអន្តោប្រវេសន៍ខេត្តព្រះសីហនុខិតខំបំពេញភារកិច្ចស្រាវជ្រាវស្វែងរកជនអន្តោប្រវេសន៍ដែលចូលមកស្នាក់នៅកម្ពុជាមិនស្របច្បាប់ទាំងយប់ទាំងថ្ងៃ មិនដែលធ្វេសប្រហែសនោះទេ សូម្បីតែនៅពេលដែលចាប់ឃាត់ខ្លួនជនអន្តោប្រវេសន៍បានហើយ ក៏មិនហ៊ានទទួលសំណូកអ្វីពីពួកជនទាំងនោះដែរ ។ជាក់ស្តែងដូចជាពេលកន្លងទៅថ្មីៗនេះ ប៉ូលីសអន្តោប្រវេសន៍បានបញ្ជូនខ្លួនជនអន្តោប្រវេសន៍វៀតណាមប្រមាណ២០នាក់ទៅក្រសួងដើម្បីចាត់ការតាមនិតិវិធីច្បាប់ ប៉ុន្តែអ្វីដែលជាការហួសចិត្តនោះ ជនអន្តោប្រវេសន៍ទាំងនោះបានវិលត្រឡប់មកដល់ទីក្រុងព្រះសីហនុវិញស្ទើរទាំងអស់ ហើយពួកគេបានដាក់ពាក្យស្នើសុំការចុះឈ្មោះរស់នៅបណ្តោះអាសន្នទៀតផង ។
ប្រភពដដែលបានបន្តថា អ្វីដែលធ្វើឲ្យអាម៉ាស់នោះ គឺជនជាតិវៀតណាមទាំងនោះបានទូរសព្ទ័មកស្តីបន្ទោសថា ប៉ូលីសអូតូរ៉ូវែ ខេត្តព្រះសីហនុ ល្ងង់ណាស់ ពេលចាប់គេឲ្យលុយមិនព្រមទទួលទេមានអីដល់ថ្នាក់លើគេស្រួលចង់ងាប់ ។ ជុំវិញភាពមន្ទិលសង្សយ័ខាងលើ នគរវត្តមិនអាចសុំការបំភ្លឺពីលោក ឧត្តមសេនីយ៍ត្រី ហ៊ុន សុរិទ្ធី ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានទេដោយទូរសព្ទ័របស់លោកមិនអាចទាក់ទងបាននៅព្រឹកថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៥នេះ ។
ទាក់ទិននិងការមន្ទិលសង្សយ័ថាមានអំពើពុករលួយនៅថ្នាក់លើនៃនាយកដ្ឋានអន្តោប្រវេសន៍ស្នើសុំឲ្យ អគ្គនាយកអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃមេត្តាជួយពិនិត្យមើលផង បើនៅតែរបៀបនេះកូនចៅនៅថ្នាក់ក្រោមអស់កម្លាំងហើយ ៕ដោយឆ្លាម សមុទ្រ