នៅថ្ងៃទី១៦ខែមេសា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrovបានប្រកាសបណ្តេញមន្ត្រីការទូតអាមេរិក១០រូប ដើម្បីតបតនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកមកលើប្រទេសរុស្ស៊ី។ នេះជាសកម្មភាព «ស៊ីសងភ្លាមៗ»រវាងអាមេរិក
និឹងរុស្ស៊ី ។ ក្រៅពីបណ្តេញមន្ត្រីការទូត១០រូប រុស្ស៊ីក៏បានដាក់មន្ត្រីអាមេរិក៨រូបទៀតក្នុងបញ្ជីខ្មៅ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅថ្ងៃទី ១៦ខែមេសា បានឱ្យដឹងថា «មន្ត្រីការបរទេសរុស្ស៊ី១០រូបត្រូវបានអាមេរិកស្នើឲ្យចាកចេញពីទឹកដីអាមេរិក ។ ឆ្លើយតបទៅនឹងសកម្មភាពទាំងនោះរុស្ស៊ី បានសម្រេចបណ្តេញមន្ត្រីការទូតអាមេរិក១០រូបចេញពីប្រទេសរុស្ស៊ីវិញ»។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ី បញ្ជាក់ថា «នៅពេលដ៏ខ្លីខាងមុខ គេហទំព័រផ្លូវការរុស្ស៊ីនឹងប្រកាសបញ្ជីឈ្មោះស្តីពីមន្ត្រីអាមេរិក៨រូបស្ថិតនៅក្នុងបញ្ជីខ្មៅដាក់ទណ្ឌកម្ម ហាមចូលទឹកដីរុស្ស៊ីជារៀងរហូត»។
កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ប្រធានាធិបតីអាមេរិក លោកបៃឌិន បានចុះហត្ថលេខាដាក់ទណ្ឌកម្មរដ្ឋាភិបាលរុស្សុីដោយចោទប្រកាន់ថាមានសកម្មភាពមួយចំនួនធ្វើឲ្យប៉ះពាល់ដល់អាមេរិក ក្នុងនោះមានការជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតនិងវាយប្រហារលើបណ្តាញ ។
ការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមករវាងអាមរិក និឹងរុស្ស៊ីនឹងធ្វើឲ្យស្ថានភាពទំនាក់ទំនងប្រទេសទាំងពីរកាន់តែតានតឹង ក្រោមការដឹកនាំរបស់ប្រធានាធិបតីបៃឌិន ។ កាលពីការដឹកនាំរបស់លោកត្រាំ ទំនាក់ទំនងជាមួយរុស្ស៊ីមានសភាពល្អប្រសើរជាង ក្នុងរដ្ឋបាលរបស់លោកបៃឌិន៕ ដោយ សាធី
រូបភាព៖ Tass