ភ្នំពេញ, នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ វ៉ាក់សាំងចិន Sinovac ដែលជាការបញ្ជាទិញជំហានទីពីររបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ៥០ ម៉ឺនដូសបានដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញហើយ។
សម្តេចតេជោបហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិននោះបានដឹកមកដល់ប្រទេសកម្ពុជាហើយ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១មានចំនួន ១.៥លានដូសត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅនេះ។
វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកម្ពុជា បាននិងកំពុងស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ ជាមួយនឹងការមកដល់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។ ស្ថានទូតចិននៅកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា វ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។
សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៣លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ១.៥លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។ តាមរយៈវ៉ាក់សាំងដែលកម្ពុជាទទួលបាននោះ កម្ពុជាបានចាក់ជូនប្រជាពលរដ្ឋបានជាង ១.២លាននាក់ហើយ៕
ដោយ, សុខ ខេមរា