ខេត្តស្ទឹងត្រែង៖ អ្នកលក់ទឹកអំពៅវ័យក្មេងម្នាក់ បានរងរបួសដៃម្ខាងយ៉ាងធ្ងន់ធ្ងរ ខណៈដែលនាងកំពុងកិនទឹកអំពៅមិនប្រយ័ត្នត្រូវម៉ាស៊ីន ក៏ជ្រុលដៃកៀបចូលម៉ាស៉ីនជាប់ជាមួយដុំដង្កៀបដែកបង្កដល់ការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាជួយអន្តរគមន៍ និងដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពទ្យបង្អែកខេត្តផងដែរ។
ហេតុការណ៍ខាងលេីនេះ បានកេីតឡេីងនៅវេលាម៉ោងជាង៤ រសៀល ថ្ងៃទី១៧ មេសា ២០២១ ក្បែររង្វង់មូលកែងរបងសាលាវិទ្យាល័យព្រះរាជបូជនីយកិច្ច ខេត្តស្ទឹងត្រែង ។
នារីរងគ្រោះមាមឈ្មោះ នឿន ស្រីនាង អាយុ២៨ឆ្នាំ រស់នៅខាងក្រោយរបងសាលាវិទ្យាល័យព្រះរាជបូជនីយកិច្ច ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
បេីតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកេីតហេតុ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃជនរងគ្រោះតែងតែដាក់ធុងទឹកអំពៅ សណ្តោងទូ និងម៉ាស៊ីនកៀបអំពៅតាមម៉ូតូ ដើម្បីចល័តលក់ពីកន្លែងមួយទៅកន្លែងមួយទៀត ប៉ុន្តែជាធម្មតានាងតែលក់នៅខាងលិចរង្វង់មូល ។
ប្រភពដដែល បន្តថា ដោយសារតែមិនបានប្រុងប្រយ័ត្ន ចៃដន្យដៃរបស់នាងបានជ្រុលចូលទៅក្នុងម៉ាស៊ីនកៀបទឹកអំពៅទាំងមានពាក់ស្រោមដៃជ័រអនាម័យបណ្ដាលឲ្យរងរបួសធ្ងន់។ ភ្លាមៗប្រជាពលរដ្ឋដែលនៅក្បែរនោះ បានគ្នាជួយអន្តរគមន៍ដោយដោះម៉ូទ័រ និងកាត់ផ្តាច់ដែកម៉ាស៊ីនកិនទឹកអំពៅ ដេីម្បីជួយសង្គ្រោះយកដៃនាងចេញពីម៉ាស៊ីន រួចពួកគេជួយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងតែម្តង។
ក្រោយកេីតហេតុ បេីតាមប្រភពព័ត៍មានពីអ្នកដែលជួយសង្គ្រោះជនរងគ្រោះទៅមន្ទីរពេទ្យ ក៏បានបញ្ជាក់ដែរថា នារីរងគ្រោះបានរងរបួសធ្ងន់ទៅលើប្រអប់ដៃខាងឆ្វេង៕ដោយ៖សហការី