ព្យុះកំណាចបានវាយប្រហារសមុទ្រចិនខាងត្បូងមានចម្ងាយពីឆ្នេរសមុទ្រហ្វុីលីពីនប្រមាណ៤៣០ គីឡូម៉ែត្រ នៅភាគខាងកើត ដោយមានល្បឿនខ្យល់ដល់ទៅ២០០-២២០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្នុងរយៈពេល២៤ម៉ោងខាងមុខ ព្យុះ Surigae នឹងធ្វើដំណើរតាមទិសពាយព្យក្នុងល្បឿន១០-១៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនៅចម្ងាយពីឆ្នេរសមុទ្រហ្វុីលីពីនតែ ៣៨០គីឡូម៉ែត្រប៉ុណ្ណោះ ចំណែកល្បឿនខ្យល់មិនផ្លាស់ប្តូរឡើយចាប់ពី២០០-២២០គីឡូម៉ែត្រក្នុងមួយម៉ោង។
នៅយប់ថ្ងៃទី ១៩ខែមេសា ព្យុះ Surigae រក្សាទិសដៅដដែល ហើយមានចម្ងាយពីឆ្នេរសមុទ្រហ្វីលីពីនតែ២៨០គីឡូម៉ែត្រប៉ុណ្ណោះ តែល្បឿនខ្យល់ថយចុះបន្តិច។
ក្រោយរយៈពេល៤ថ្ងៃដែលបក់បោកនៅលើដែនសមុទ្រចិនខាងត្បូង ព្យុះ Surigae នឹងប្តូរទិសដៅទៅទិសឦសានវិញ ដោយមិនចូលទៅកាន់ដីគោកប្រទេសហ្វីលីពីនឡើយ ។
នេះជាព្យុះដំបូងនៅក្នុងឆ្នាំ២០២១ ដែលបានកកើតឡើងនៅក្នុងសមុទ្រចិនខាងត្បូង ស្ថិតនៅភាគពាយព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក ។ ក្រុមអ្នកឯកទេសបញ្ជាក់ថា បើទោះបីព្យុះនេះមិនចូលមកដីគោក ប៉ុន្តែការកកើតព្យុះនៅពេលនេះគឺលឿនជាងរាល់ឆ្នាំ។
តាមការព្យាករនៅក្នុងខែមិថុនា ឬខែកក្កដា នៅសមុទ្រចិនខាងត្បូង នឹងមានព្យុះកំណាចជាច្រើនក៏ដូចជាសម្ពាធទាបសីតុណ្ហភាព បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ៕ដោយ សាធី
រូបភាព៖ NCHMF